កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងខេមរៈភូមិន្ទ បានចាប់ខ្លួន មហាចោរដ៏ល្បីឈ្មោះម្នាក់តាមដីកាបង្គាប់របស់សាលាដំបូងខេត្តកោះកុង…
កោះកុង ៖ កាលពីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១១:៣០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងខេមរៈភូមិន្ទ បានចុះចាប់ខ្លួនមហាចោរដ៏ល្បីឈ្មោះម្នាក់ តាមដីកាបង្គាប់ចាប់ខ្លួនលេខ៤៣៤៣ ត.ព្រ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលចេញដោយចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង លោក ឡោ ក្រឹម។លោកវរសេនីយ៍ឯក យស ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរៈភូមិន្ទ ដែលដឹកនាំប្រតិបត្តិការតាមចាប់ខ្លួនមហាចោរដ៏ល្បីឈ្មោះម្នាក់នោះ បានបញ្ជាក់ថា ជនដែលត្រូវចាប់ខ្លួន មានឈ្មោះ ពោធិ៍ វ៉ាន់វិធួន ហៅធួន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតនៅក្នុងភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ជាប់ចោទពីបទ (លួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តិអំពើហិង្សា និងការមិនរាងចាលក្នុងបទមជ្ឈិម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម)ដែលប្រព្រឹត្តនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
លោកអធិការបានបញ្ជាក់ថា ការស្ទាក់ចាប់ខ្លួនមេចោរនេះបាននៅចំណុចភូមិ ព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខណៈពេលដែលជនល្មើសរូបនេះ កំពុងតែធ្វើដំណើរតាមផ្លូវ។
បន្ទាប់ពីចាប់ខ្លួនបានភ្លាម មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានសម្ដែងការសាទរយ៉ាងខ្លាំង ព្រោះក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមកចោររូបនេះបានសាងកេរ្តិ៍ឈ្មោះខាងលួច គាស់សោរផ្ទះ ឬហាងលក់ដូរ ដើម្បីចូលលួចយកទ្រព្យសម្បត្តិមានតម្លៃរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការជាច្រើនមកហើយ។ ហើយបានប្រើប្រាស់ រក្សាទុក និងចែកចាយគ្រឿងញៀ.នយ៉ាងសកម្មទៀតផង។
តាមប្រភពបញ្ជាក់ថា នេះជាការចាប់ខ្លួនលើកទី៣ហើយ ដែលកាលពីចាប់ខ្លួនលើកទី២ មេចោររូបនេះត្រូវតុលារការផ្តន្ទាទោសជាច្រើនឆ្នាំ ប៉ុន្តែមានខ្នងបង្អែករត់ការដោះលែងមហាចោររូបនេះអោយរួចខ្លួនមុនកាលកំណត់ ដើម្បីយកមហាចោរល្បីឈ្មោះនេះ ធ្វើជាភ្នាក់ងារសម្ងាត់ស្រាវជ្រាវបទល្មើសគ្រឿងញៀ.ននៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែអង្គភាព ACU កំពុងបើកការស្រាវជ្រាវហើយ៕














