ព័ត៌មាន (updete)បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបានជនដៃដល់ប្រើកាំបិតចុងស្រួចចា-ក់ចំនួន៤កាំបិ-ត បណ្តាលឱ្យស្លា_ប់បន្ទាប់ពីផឹកស៊ីបាត់លុយចំនួន១២ម៉ឺនរៀល និងជនដៃដល់បានប្រមាថមើលងាយកូនស្រី…

ភ្នំពេញ ៖ នៅ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៧:៤០នាទីយប់ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ គីម ប្រាក់ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលលេខ៤B នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកជនដៃដល់មានឈ្មោះ ប៉ុន វ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃក្មេង ឃុំមេសាង ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ។ ជនរងគ្រោះនិងជនសង្ស័យបានផឹកស៊ីជាមួយគ្នា ចំនួន៤ទៅ៥នាក់ រហូតដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យសុំចូលបត់ជើងក្នុងបន្ទប់ទឹករបស់ជនរងគ្រោះ ពេលចេញមកវិញ ប្រពន្ធជនរងគ្រោះក៏ចូលទៅមើលលុយរបស់ខ្លួនឃើញថាបាត់លុយចំនួន១២ម៉ឺនរៀល ប្រពន្ធជនរងគ្រោះក៏សួរនាំជនសង្ស័យបង្កើតបានជាការឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាទៅវិញទៅមក ហើយបន្ទាប់មកក៏ប្រើហិង្សាដាក់គ្នាមួយប្រាវ រួចហើយជនសង្ស័យក៏ទាញម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JC-4317ជិះចេញទៅបាត់ទៅ។ មួយសន្ទុះក្រោយមកក៏មកដល់មុខផ្ទះរបស់ជនរងគ្រោះវិញស្រែកជេរប្រមាថ មើលងាយទៅលើជនរងគ្រោះថា កូនស្រីរបស់គាត់អាយុ១៧ឆ្នាំធ្លាប់ដេកជាមួយខ្លួន(ជនសង្ស័យ) ខណៈពេលនោះជនរងគ្រោះខឹងសម្បាជាខ្លាំងក៏ទាញដំបងដេញវ៉ៃជនសង្ស័យ រហូតមានការ ប្រតាយប្រតប់គ្នា ជនសង្ស័យបានដកកាំបិតពីចង្កេះចាក់ទៅលើជនរងគ្រោះចំនួន៤កាំបិតចុងស្រួចបណ្ដាលឱ្យហូរឈា-ម ចំណែកឯប្រពន្ធជនរងគ្រោះក៏ជួយប្រទាញប្រទង់ឃាត់ត្រូវបានជនសង្ស័យដាល់មួយដៃឱ្យហើមមុខថែមទៀតផង។ ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រោយពីចាក់ជនរងគ្រោះហើយ ជនសង្ស័យក៏ទាញម៉ូតូប្រុងជិះចេញត្រូវបានប្រពន្ធជនរងគ្រោះទាញបណ្ដាលឱ្យដួលម៉ូតូក៏រត់ចោលម៉ូតូបាត់តែម្ដង។ ចំណែកឯជនរងគ្រោះដោយត្រូវរបួសឈា-មហូរច្រើនពេកក៏ដើរមកដេកលើគ្រែដែលនៅមុខរោងចក្រ រួចក៏ស្លា-ប់-បាត់បង់ជីវិត ៕

Leave a Reply

Your email address will not be published.