ជនជាតិចិន រួមនិងបក្ខពួក ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុឃាត់ខ្លួន ក្រោយធ្វើសកម្មភាពចាប់បង្ខំបុរសម្នាក់រុញចូលក្នុងរថយន្ត …
ព្រះសីហនុ៖ បុរសម្នាក់ត្រូវបានបុរសមួយក្រុមចាប់បង្ខំរុញចូលរថយន្តសេរីទំនើបមួយគ្រឿង បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៧:៥០នាទីព្រឹក ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២៣ នៅមុខសណ្ឋាគារមួយកន្លែងស្ថិតក្នុងសង្កាត់ ៣ ក្រុងព្រះសីហនុ ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រោយពីទទួលបានដំណឹងភ្លាម កម្លាំងកងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវតាមស្វែងរករថយន្តខាងលើ យ៉ាងយកចិត្តទុកដាក់បំផុតរហូតរកឈានទៅដល់មានការឃាត់ខ្លួនជនជាតិចិនមួយក្រុម ។ ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថ បាននាំខ្លួនមនុស្ស ៤ នាក់ យកមកសាកសួរ ពួកគេបានឆ្លើយថា ពួកគេជាដៃគូគ្នា ចូលមកផឹកស៊ីស្រវឹងហើយហៅឱ្យត្រឡប់ទៅផ្ទះវិញតែបុរសរូបនោះមិនព្រមទៅ ក៏បង្ខំចិត្តចាប់រុញចូលក្នុងរថយន្តតែម្ដង ។ ជុំវិញករណីនេះ មន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់បន្ថែមថា បើទោះបីជាយ៉ាងណាកម្លាំងជំនាញនៅតែបន្តការស្រាវជ្រាវស្ថិតក្នុងការសាកសួរបន្ថែមទៀតផង ។ សូមបញ្ជាក់ថា ក្រោយឃាត់ខ្លួន កម្លាំងជំនាញ រកឃើញវត្ថុតាងជាច្រើន រួមនិងកាំភ្លើងខ្លីមួយដើមផងដែរ ។ បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុបានឃាត់ខ្លួនជនជាតិចិនទាំងនោះរួមនិងវត្ថុតាងដើម្បីចាត់ការបន្តតាមនិតិវិធី។












