ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញចុះពិនិត្យវឌ្ឍនភាពផ្លូវថ្នល់ថ្មី ពីផ្លូវជាតិលេខ៤ ឡើងលើភ្នំបូគោ…

 

 

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការរៀបចំដែនដីថ្នាក់ជាតិបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការងារស្ថាបនាផ្លូវមេតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅលើភ្នំបូកគោ ដែលមានចម្ងាយ៦១គីឡូម៉ែត្រ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។

 

ការចុះពិនិត្យមើលវឌ្ឍនភាពផ្លូវថ្មីនេះអញ្ជើញចូលរួមដោយអ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន  សូគីម៉ិច អ៊ិនវេសមេន គ្រុប និងជាប្រធានក្រុមហ៊ុន សុខា អូតែល អ្នកឧកញ៉ា ម៉ុង រិទ្ធី ឯកឧត្តមអភិបាលខេត្តព្រះសីហនុ អាជ្ញាធរ-ក្រសួងពាក់ព័ន្ធផងដែរ។

 

ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកឧកញ៉ា សុខ គង់ និងការចូលរួមរបស់អ្នកឧកញ៉ា ម៉ុង រិទ្ធី ដែលបានរួមគ្នាជំរុញឲ្យមានផ្លូវថ្មីពីចំណុចផ្លូវជាតិលេខ៤ឆ្ពោះមកលើភ្នំបូកគោ ដែលសម្រេចនូវបំណងប្រាថ្នា ក្រោមការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន។ ឥឡូវនេះយើងបានឈូសឆាយតភ្ជាប់នូវផ្លូវថ្មីនេះ ដោយអាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន។ គម្រោងផ្លូវថ្មីនេះពិតជាបានផ្តល់នូវសក្តានុពល សម្រាប់ការអភិវឌ្ឍគម្រោងបូគោ ដែលមានលំដៅដ្ឋាន និងដីឡូដ៍ រួមទាំងរួមចំណែកការកសាងសេដ្ឋកិច្ចជាតិផងដែរ។ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានសំណូមពរដល់ក្រុមហ៊ុនឲ្យសាងសង់ផ្លូវ ត្រង់ចំណុចផ្លូវស្មើសូមសាងសង់ឲ្យចេញជាទម្រង់ និងងាយស្រួលក្នុងការបើកបរឲ្យបានលឿន ចន្លោះពី៣០ទៅ៤០គីឡូម៉ែត្រ ក្នុង១ម៉ោង។ នេះជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញជារូបរាង ជាការខិតខំរួមគ្នា ដើម្បីកសាងផ្លូវថ្មីនេះឲ្យមានលក្ខណៈប្រវត្តិសាស្ត្រមួយ បម្រើដល់ការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

 

លោក ស្វាយ វុឌ្ឍី តំណាងក្រុមហ៊ុន សុខា អូតែល បានរាយការណ៍ថា ដោយបានការអនុញ្ញាត និងតាងនាមឱ្យអ្នកឧកញ៉ាបណ្ឌិត សុខ គង់ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាព នៃការងារស្ថាបនាផ្លូវឡើងភ្នំបូកគោ នាពេលនេះ ក្រុមហ៊ុន សុខា អូតែល បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាឱ្យធ្វើការវិនិយោគ និងអភិវឌ្ឍ នៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”។ កន្លងមក ក្រុមហ៊ុនបានអភិវឌ្ឍពីតំបន់ភាគខាងត្បូង ដោយបានសាងសង់ស្តារឡើងវិញនូវផ្លូវលេខ៣២ ពីចំណុចបំបែកផ្លូវជាតិលេខ៣ ឡើងទៅលើភ្នំបូកគោ មានប្រវែង ៣៣ គីឡូម៉ែត្រ ដែលជាផ្លូវមេតែមួយគត់ សម្រាប់ការធ្វើចរាចរណ៍ឡើងចុះ។

អាស្រ័យដោយតំបន់វិនិយោគ និងអភិវឌ្ឍន៍នេះ មានទំហំធំធេង ហើយមានផ្លូវឡើងចុះតែមួយខ្សែ រាជរដ្ឋាភិបាលបានសម្រេចបើកផ្លូវថ្មីចំនួនមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅភ្នំបូកគោ កាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយការចំណាយជាបន្ទុករបស់ក្រុមហ៊ុន សុខា អូតែល និងអនុញ្ញាតជូនក្រុមហ៊ុនធ្វើការស្ថាបនាប្រព័ន្ធផ្លូវមេ ក្នុងតំបន់ភ្នំនេះប្រវែងប្រមាណ ១២០ គីឡូម៉ែត្រទៀត ដើម្បីបម្រើដល់ចរាចរណ៍ និងការដឹកជញ្ជូនក្នុងតំបន់។

លោក ស្វាយ វុឌ្ឍី បានបន្ថែមថា ចំពោះការស្ថាបនាផ្លូវថ្មីមួយខ្សែ ដែលយើងកំពុងតែពិនិត្យវឌ្ឍនភាព នៅពេលនេះ គឺជាផ្លូវមេ ដែលត្រូវស្ថាបនា តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២៩១ ក្នុងឃុំកំពង់សិលា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្ពោះទៅលើភ្នំបូកគោ ភ្ជាប់ជាមួយកំណាត់ផ្លូវវាលស្រែ ៥០០ ដែលមានប្រវែងប្រមាណ ៦១ គីឡូម៉ែត្រ។ តាមគម្រោងប្លង់ ដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះមានទទឹង ២០ ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទទឹង ៣,៥ម៉ែត្រ ចំនួន២ គន្លង ផ្លវម៉ូតូទទឹង៣ម៉ែត្រសង្ខាងចំនួន ២គន្លង និងចិញ្ចើមផ្លូវទទឹង ៣,៥ម៉ែត្រ សង្ខាង ដែលសាងសង់ជាផ្លូវក្រាលកៅស៊ូ (AC) ។ ប៉ុន្តែ ផ្អែកតាមស្ថានភាពដីបត់បែនឡើងចុះនៅទីន និងដើម្បីធានាភាពរឹងមាំយូរអង្វែងផង ក្រុមហ៊ុនមានគម្រោងចាក់បន្ថែមនូវកម្រាលបេតុងកម្រាស់ ២០០មីលីម៉ែត្រ ហើយអ៊ុតកៅស៊ូពីលើ។ ផ្លូវនេះ ត្រូវបានចាប់ផ្តើមរៀបចំស្ថាបនាឡើង បន្ទាប់ពីទទួលបានការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ដែលមានក្រុមហ៊ុន  សុខា រៀល អ៊ីស្តេត ឯ.ក ជាអ្នកម៉ៅការសាងសង់។ មកដល់ពេលនេះ ក្រុមហ៊ុនបានធ្វើការវាស់ស្ទង់ ឈូសឆាយ សម្អាត ចេញជាគន្លងតួផ្លូវ ហើយបានតភ្ជាប់ទាំងស្រុង ពីផ្លូវជាតិលេខ ៤ រហូតទៅដល់កំណាត់ផ្លូវវាលស្រែ ៥០០ នៅលើខ្នងភ្នំបូកគោ ដែលឥឡូវនេះ យើងអាចធ្វើចរាចរណ៍ បានជាបណ្តោះអាសន្ន ដោយរថយន្តប្រភេទខ្ពស់ និងម៉ូតូ។

គួរបញ្ជាក់ថា ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រីក៏បានអញ្ជើញពិនិត្យដំណើរការសាងសង់ ព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ខេត្តកំពត ស្របតាមក្បួនខ្នាត ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងរចនាប័ទ្មជាតិ ដែលមានការឯកភាពពីក្រុមការងារអន្តរក្រសួង និងការឯកភាព គាំទ្រពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងកសាងព្រះពុទ្ធប្បដិមានេះ ជាព្រះពុទ្ធប្បដិមាដែលធំហើយខ្ពស់ជាងគេនៅព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗ នៅលើពិភ ៕

ប្រភព (មករា )

Leave a Reply

Your email address will not be published.