ពលករចំណាកស្រុក​រាប់ពាន់​នាក់ដែលទៅធ្វើការនៅប្រទេសថៃបាន​ សម្រុក មកស្រុកកំណើតវិញដើម្បីអបអរចូលឆ្នាំប្រពៃណីខ្មែរខាងមុខបណ្តាលឱ្យ​ មានការកកស្ទះ​ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត…

 

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរសម្រុកពីប្រទេសថៃរាប់ពាន់នាក់បានមកកកស្ទះនៅផ្សាររុងក្លឿស្រុកអារញ្ញខេត្តស្រះកែវ( ថៃ)ជាប់នឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រៀមចូលមកស្រុកកំណើតរបស់ពួកគាត់វិញ ដើម្បីអបអរចូលឆ្នាំខ្មែរប្រពៃណីជាតិជិតឈានចូលមកដល់។

នៅរសៀលថ្ងៃទី៩ខែមេសាឆ្នាំ២០២៣នេះនៅមាត់ច្រកខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ( ប្រទេសថៃ )ជាប់នឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតគេឃើញមានពលករប្រុសស្រី ខ្លះមានបង្វេចខោអាវសំពីងសំពោង ខ្លះអង្គុយ ខ្លះឈរត្រៀបត្រារាប់ពាន់នាក់រង់ចាំការវាយត្រាពីសមត្ថកិច្ចថៃដើម្បីវិលត្រលប់មកស្រុកកំណើតវិញ។

ប្រភពពីសមត្ថកិច្ចបន្តថា នៅល្ងាចប្រមាណជាម៉ោង៥ថ្ងៃដដែលនេះគេនៅតែឃើញពលករខ្មែរសម្រុកមកជាបន្តបន្ទាប់ តែទោះជាយ៉ាងណាក៏ដោយ ការវិលត្រលប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើននោះមិនអាចវិលចូលមកផ្ទះរបស់ខ្លួនទាន់ពេលនោះទេ ព្រោះកំណើននៃការវិលត្រលប់របស់ពួកគាត់មានច្រើនកុះករធ្វើឱ្យសមត្ថកិច្ចថៃសម្រួលមិនទាន់ បណ្តាលឱ្យពួកគាត់ស្នាក់អាស្រ័យនៅក្នុងទឹកដីថៃបន្ត។

ប្រភពបានលើកឡើងថា៖ករណីខាងលើនេះគួរតែមន្ត្រីគ្រប់លំដាប់ថ្នាក់ប្រចាំខេត្តបន្ទាយមានជ័យសហការជាមួយអាជ្ញាធរថៃដើម្បីសម្រួលឱ្យពួកគាត់ធ្វើដំណើរចេញឱ្យបានលឿនព្រោះថាពលរដ្ឋដែលមកនៅខាងភាគីថៃនៅពេលយប់មិនដឹងជាស្នាក់អាស្រ័យនៅទីណាព្រោះពួកគាត់អ្នកខ្លះមានកូនតូចៗម្យ៉ាងទៀតអាចប្រឈមទៅនឹងបញ្ហាសុវត្តិភាពផ្សេងៗកើតឡើងទៅលើពួកគាត់និងអាចបាត់បង់ប្រាក់កាសដែលជនឆ្លៀតឱកាសលួចបន្លំមកលើពួកគាត់ដែលស្នាក់អាស្រ័យនៅប្រទេសគេដោយពុំមានការគ្រោងទុក។

ដោយឡែកនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានមនុស្សច្រើនកុះករផងដែរ អ្នកខ្លះក៏រួតរះបានធ្វើដំណើរទៅផ្ទះ អ្នកខ្លះទៀតក៏ខកខានមិនបានធ្វើដំណើរផងដែរ៕

 

Leave a Reply

Your email address will not be published.