តេហៅរថយន្តឈ្នួលមកជិះទៅលេងស្រុកបើកថយក្រោយកិនក្មួយស្រីស្លា_ប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ…
ភ្នំពេញ:គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយក្មេងស្រីអាយុ១៧ខែម្នាក់ត្រូវបានរថយន្តសាំយ៉ុងបើកថយក្រោយដោយថ្វេសប្រហែសកិនស្លា_ប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលវេលាម៉ោង១ៈ៤៨ រសៀលថ្ងៃទី២០ ខែមីនាឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខ៥៩CEo ផ្លូវបេតុងលេខ២ ភូមិសំបួរសង្កាត់ដង្កោកខណ្ឌដង្កោរាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះមានឈ្មោះ សុក្រ ឆាតជេនណា អាយុ១៧ ខែរស់នៅជាមួយឪពុកម្ដាយទីតាំងកន្លែងកើតហេតុ។
អ្នកបើកបររថយន្តបង្កមានឈ្មោះ សាង កុសល អាយុ ៣២ ឆ្នាំមុខរបរបើកបររថយន្តឈ្នួល មានទីលំនៅភូមិសន្លូងលាប ឃុំព្រៃគ្នេស ស្រុកមេសាងខេត្តព្រៃវែង កំពុងរត់គេចខ្លួន។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុម្តាយធំក្មេងស្រីរងគ្រោះស្នាក់នៅផ្ទះជាប់គ្នាបានហៅរថយន្តឈ្នួលម៉ាក់សាំងយ៉ុងពណ៌សពាក់ស្លាកលេខភ្នំពេញ2AM-0807បើកបរដោយបុរសម្នាក់ជាអ្នកស្រុកជាមួយគ្នាអោយមកយកដើម្បីទៅលេងស្រុកកំណើត ខណៈយន្តមកដល់ក្មេងស្រីរងគ្រោះកំពុងដើរលេងនៅមុខផ្ទះ ហើយនៅពេលភ្ញៀវឡើងជិះរថយន្តអស់ហើយតៃកុងក៏បានឡើងបើករថយន្តថយក្រោយដោយខ្វះការប្រុងប្រយ័ត្នមិនដឹងថាក្មេងស្រីរងគ្រោះរត់ទៅពីក្រោយរថយន្តពីពេលណាក៏កិនក្មេងស្រីរងគ្រោះចំកង់ក្រោយខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារជាតិ។ ចំណែកអ្នកបើកបររថយន្តដោយឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនបាត់ស្រមោលបន្សល់តែរថយន្តបង្កនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោបានចុះមកដល់កន្លែងកើតហេតុសហការជាមួយជំនាញការិយាល័យចរាចរណ៍ខណ្ឌធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយចំណែកសពក្មេងស្រីរងគ្រោះធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តព្រៃវែង៕












