ជប៉ុន ពិតជាចង់ដណ្ដើមភូមិសាស្ត្រនយោបាយជាខ្លាំងនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយហៅឥណ្ឌាជួយគាំទ្រ…

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣ ឱ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា នៅថ្ងៃចន្ទសប្តាហ៍ក្រោយ នឹងប្រកាសពីផែនការថ្មីមួយ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរី និងបើកចំហ នៅឯទីក្រុងញូដេលី ហើយស្វែងរកការគាំទ្រពីឥណ្ឌា ដើម្បីចាប់ដៃគូគ្នាជាមួយទីក្រុងតូក្យូ ចំពោះមុខការកើនឡើង ឥទ្ធិពលរបស់ចិននៅក្នុងតំបន់។

ក្រុមមន្រ្តីជប៉ុនបាននិយាយថា នៅក្រោមផែនការថ្មីនោះ នឹងត្រូវប្រកាសកំលុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់លោក គីស៉ីដា នៅប្រទេសឥណ្ឌា, ដោយជប៉ុននឹងបង្កើនការគាំទ្រដល់ប្រទេសដែលមានទីផ្សារកំពុងអភិវឌ្ឍខ្លាំង ជាពិសេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកផ្ទាល់។ ការសម្រេចចិត្តរបស់លោក គីស៉ីដា ក្នុងការប្រកាសផែនការថ្មីរបស់លោក កំលុងកិច្ចប្រជុំកំពូលទ្វេភាគីជាមួយឥណ្ឌាបែបនេះ គូសរំលេចអំពី សារសំខាន់ជាខ្លាំង ដែលទីក្រុងតូក្យូផ្តល់ឱ្យទីក្រុងញូដេលី ក្នុងនាមជាប្រទេសដែលដើរតួនាទីគន្លឹះ នៅក្នុងឥណ្ឌូ-ប៉ាស៉ីហ្វិក។

កំលុងកិច្ចពិភាក្សារវាងលោក ហើយនិងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី លោក គីស៉ីដា ត្រូវបានរំពឹងថា នឹងស្វែងរកការគាំទ្ររបស់ឥណ្ឌា សម្រាប់ផែនការរបស់លោក ដែលនឹងរួមមានទាំងចំណាត់ការ ដែលជប៉ុននឹងត្រូវធ្វើដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ដែលគោរពប្រតិបត្តិការតាមគោលការណ៍ នៃការដោះស្រាយជម្លោះដោយសន្តិវិធី និងសេរីភាព នៃការធ្វើនាវាចរណ៍។

បើតាមក្រុមមន្រ្តីជប៉ុន លោក គីស៉ីដា ជឿថា ជាមួយទីតាំងភូមិសាស្រ្តនយោបាយ ប្រកបដោយលក្ខណៈយុទ្ធសាស្រ្តរបស់ឥណ្ឌា ដែលស្ថិត នៅជាប់មហាសមុទ្រឥណ្ឌា និងជាប្រទេសប្រជាធិបតេយ្យធំជាងគេនៅលើពិភពលោក ឥណ្ឌានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រេច ឱ្យបាន នូវចក្ខុវិស័យរបស់លោក សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរី និងបើកចំហ៕

Leave a Reply

Your email address will not be published.