សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋកុំស្លន់ស្លោទៅដកប្រាក់ ករណីដួលរលំធនាគារនៅអាមេរិក មិនប៉ះពាល់ប្រព័ន្ធធនាគារនៅកម្ពុជាទេ

 

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការភ័យស្លន់ស្លោរត់ទៅដក ប្រាក់ចេញពីប្រព័ន្ធធនាគារមុនកាលកំណត់ គឺជាការខាតបង់ប្រយោជន៍របស់បងប្អូនទៅវិញ ព្រោះតែខាតបង់ការប្រាក់ ដែលព្រមព្រៀងជាមួយធនាគារ។

ការបញ្ជាក់បែបនេះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ខណៈសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់។ ដោយសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវថា បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ប្រាក់បញ្ញើតាមប្រព័ន្ធធនាគារនៅកម្ពុជា កុំមានការភ័យស្លន់ស្លោ រឿងធនាគារពាណិជ្ជចំនួន ២របស់អាមេរិកដួលរលំ ព្រោះមិនប៉ះពាល់ប្រព័ន្ធធនាគារកម្ពុជាទេ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ករណីវិបត្តិបែបនេះធ្លាប់កើតឡើងជាច្រើនសាររួចហើយ ដោយលើកទី១ វិបត្តិសេដ្ឋកិច្ចអាស៉ី ឆ្នាំ១៩៩៧ ដែលពេលនោះ មានការច្របូកច្របល់នៃប្រព័ន្ធធនាគារ លើពិភពលោករាប់ទាំងកម្ពុជា ប៉ុន្តែធនាគារនៅកម្ពុជាពេលនោះមានស្ថានភាពតូចៗនៅឡើយ ហើយពេលនោះពលរដ្ឋមួយចំនួនបង្ខំដកប្រាក់ចេញពីធនាគារ ក្នុងរយៈពេលប្រហែលជា៣សប្តាហ៍ ប៉ុន្តែបន្ទាប់ពី៣សប្តាហ៍ក្រោយមក ក៏មានពលរដ្ឋយកប្រាក់ទៅដាក់វិញ។

សម្រាប់លើទី២ វិបត្តិហរិញ្ញវត្ថុសាកល ឆ្នាំ២០០៨ ដែលផ្តើមចេញពីការដួលរលំ នៃធនាគាររបស់អាមេរិក ដែលពេលនោះ មិនបានធ្វើឲ្យប៉ះពាល់ដល់កម្ពុជានោះទេ។ ក្នុងស្ថានភាពពេលនោះ កម្ពុជាបានខិតខំធ្វើការទប់ស្កាត់ហានិភ័យ ដោយដំឡើងអត្រាកាតព្វកិច្ចទុនបម្រុង តម្កល់ទុកនៅធនាគារជាតិ ពី៧ភាគរយដល់ ១២ភាគរយ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ បន្ទាប់ពីបណ្តាធនាគារចេះគ្រប់គ្រងហានិភ័យដោយខ្លួនឯង ធនាគារជាតិនៃកម្ពុជា បានកាត់បន្ថយអត្រាទុនបម្រុងកាតព្វកិច្ច មកនៅត្រឹមតែ៧ភាគរយប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំសុំអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង ដែលដាក់ប្រាក់ក្នុងធនាគារ សុំកុំស្លន់ស្លោ ព្រោះវានឹងធ្វើឲ្យយើងបាត់បង់ផលប្រយោជន៍ទៅវិញទេ, ករណីដួលរលំធនាគារនៅអាមេរិក មិនប៉ះពាល់ដល់ប្រព័ន្ធធនាគារនៅកម្ពុជាទេ, បងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តសមត្ថភាពគ្រប់គ្រងរបស់រាជរដ្ឋាភិបាល លើវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា មានភាពរឹងមាំ មិនមានផលប៉ះពាល់អ្វីនោះឡើយ៕

Leave a Reply

Your email address will not be published.