ពិព័រណ៍ពាណិជ្ជកម្មនៅខេត្តបាត់ដំបង បញ្ចប់ទៅប្រកបដោយជោគជ័យ អ្នកចូលរួមទទួលបានបទពិសោធន៍ពីការធ្វើអាជីវកម្ម និងយល់ដឹងពីលទ្ធផល…

 

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានរៀបចំពិធីបិទពិព័រណ៍ពាណិជ្ជកម្ម ក្រោមប្រធានបទ «យើងរួមគ្នាជំរុញទីផ្សារផលិតផលខេត្តបាត់ដំបង» ដែលបញ្ចប់ទៅទទួលបានលទ្ធផលល្អ ពោលគឺ បានជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងគាំទ្រផលិតផលខេត្តបាត់ដំបងឱ្យមានលទ្ធភាព និងឱកាសបង្ហាញខ្លួននៅលើទីផ្សារ។

ពិព័រណ៍ពាណិជ្ជកម្មនេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទៅ១០ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណផ្សារទំនើប ភួ ពុយ ក្រុងបាត់ដំបង ដោយមានអ្នកចូលរួមទស្សនាស្តង់ផលិតផលនានាប្រមាណជាង២ម៉ឺននាក់។

ថ្លែងក្នុងពិធីបិទពិព័រណ៍ពាណិជ្ជកម្មនេះ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ពិព័រណ៍ពាណិជ្ជកម្ម ក្រោមប្រធានបទ «យើងរួមគ្នាជំរុញទីផ្សារ ផលិតផលខេត្តបាត់ដំបង» បានបង្ហាញពីគោលដៅច្បាស់លាស់ ដោយមានការចូលរួមពីកសិករ ផលិតផល សហគ្រាសធុនតូច និងមធ្យម រួមទាំងអ្នកផ្តល់សេវា ដែលភាគច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង ដោយបាននាំយកផលិតផល និងសេវាកម្មមកចូលរួមដាក់តាំងបង្ហាញជូនភ្ញៀវទស្សនា។

ក្រៅពីការដាក់តាំងបង្ហាញ ផលិតផល និងសេវា ផលិតករ ពាណិជ្ជករ និងអ្នកចូលរួមពិធីនេះ មានឱកាសបានចូលរួមក្នុងកម្មវិធីសិក្ខាសាលា ក្រោមប្រធានបទផ្សេងៗគ្នា ដោយមានវាគ្មិនមកពីក្រុមហ៊ុនធំៗ ចូលរួមចែករំលែកបទពិសោធន៍ពីកិច្ចការជំនួញ ដើម្បីឈានឆ្ពោះទៅរកសហគ្រិនភាព និងការរៀបចំឯកសារគតិយុត្តផ្សេងៗ បម្រើដល់ការធ្វើ អាជីវកម្មស្របតាមនិយាមនៃការធ្វើអាជីវកម្ម៕

Leave a Reply

Your email address will not be published.