អាកាសចរស៊ីវិលកម្ពុជា-ឡាវ ចាប់ផ្ដើមដំណើរការពង្រីកជើងហោះហើរតបភ្ជាប់វិស័យទេសចរណ៍
ក្នុងកិច្ចប្រជុំជាមួយនឹងគណៈប្រតិភូអាជ្ញាធរអាកាសចរណ៍ស៊ីវិលឡាវ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលឡាវ បានចុះអនុស្សរណ:យោគយល់ (MOU) ដើម្បីពង្រីកជើងហោះហើរកម្ពុជា-ឡាវ, ដោយក្នុងនោះខាងឡាវ ចង់បានការណែនាំ និងបទពិសោធន៍ល្អៗមួយចំនួនពីកម្ពុជា ដើម្បីអនុវត្ដនៅប្រទេសឡាវ ជាពិសេស គឺអភិបាលកិច្ចល្អ ការគ្រប់គ្រង និងត្រួតពិនិត្យប្រព័ន្ធអាកាសចរណ៍ស៊ីវិល។
គណៈប្រតិភូអាជ្ញាធរអាកាសចរណ៍ស៊ីវិលឡាវ ចង់ស្វែងយល់ពីកម្ពុជា លើការគ្រប់គ្រងអភិបាល និងអនុវត្តការងារ ជាមួយវិស័យឯកជន ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានថ្មីៗនេះ ដូចជា អាកាសយានដ្ឋានសៀមរាប, អាកាសយានដ្ឋានភ្នំពេញ និងអាកាសយានដ្ឋានផ្សេងៗទៀត ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន។
លោក ស៉ីន ចាន់សិរីវុត្ថា បានឱ្យដឹងទៀតថា វិស័យអាកាសស៊ីវិលកម្ពុជា មានការរីកចម្រើន ផ្នែកចរាចរណ៍ត្រួតពិនិត្យដែនអាកាស និងមានក្រុមហ៊ុនឯកជន ជាអ្នកប្រកបអាជីវកម្ម ហេតុដូច្នេះ ភាគីឡាវ ចង់ស្វែងយល់ពីកម្ពុជា ព្រោះថា អាកាសចរស៊ីវិលឡាវ អត់ទាន់មានវិស័យឯកជន មកចូលរួមដើម្បីធ្វើការអភិវឌ្ឍនៅឡើយទេ។
ក្នុងឱកាសប្រជុំពិភាក្សាការងារនេះផងដែរ អាកាសចរស៊ីវិលកម្ពុជា-ឡាវ បាន អនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីបង្កើនជើងហោះហើររវាងប្រទេសឡាវ និងកម្ពុជា ក្នុងគោលបំណង តភ្ជាប់ការហោះហើរ រវាងប្រទេសឡាវ-កម្ពុជាឡើងវិញ និងឲ្យបានច្រើនជើង៕













