ចិន ចោទថា យន្តហោះឈ្លបយកការណ៍ របស់អាមេរិក ចូលលូកលាន់ដោយចេតនា ចំពោះស្ថានការណ៍ក្នុងតំបន់ នៅច្រកសមុទ្រតៃវ៉ាន់….

 

បើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា ចិនបានចេញមុខមុខចោទប្រកាន់សហរដ្ឋអាមេរិកភ្លាមៗថា បានបង្កគ្រោះថ្នាក់ចំពោះសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីយន្តហោះឈ្លបយកការណ៍ និងល្បាតដែនសមុទ្រធុន P-8A មួយគ្រឿងរបស់យោធាអាមេរិក ហោះហើរកាត់ពីលើដែនទឹក ដែលខណ្ឌចែកចិនដីគោក ហើយនិងកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងជារឿយៗត្រូវបានធ្វើឱ្យក្តៅស្លឹកត្រចៀក ដោយសារតែបេសកកម្មយោធារបស់សហរដ្ឋអាមេរិក ដែលធ្វើដំណើរកាត់តាមច្រកសមុទ្រតូចមួយនេះ។ ភាគច្រើនទីក្រុងវ៉ាស៉ីនតោនបានបញ្ជូននាវាចម្បាំង ខណៈម្តងម្កាលបានបញ្ជូនយន្តហោះយោធា។ ចិនអះអាងថា ខ្លួនមានសិទ្ធិអធិបតេយ្យនិង យុត្តាធិការ លើច្រកសមុទ្រតៃវ៉ាន់ ដ្បិតកោះតៃវ៉ាន់ផ្ទាល់ត្រូវបានចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន។ ក៏ប៉ុន្តែតៃវ៉ាន់និងអាមេរិកបានអះអាងប្រឆាំងវិញថា វាគឺជាផ្លូវទឹក អន្តរជាតិ។

ពាក់ព័ន្ធនឹងការចល័តយន្តហោះយោធាអាមេរិក នាថ្ងៃចន្ទនេះវិញ បញ្ជាការដ្ឋានយោធាភូមិភាគខាងកើតរបស់ចិន បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា សកម្មភាពរបស់ភាគីអាមេរិក គឺជាការចូលលូកលាន់ និងបង្កការរំខានដោយចេតនា ចំពោះស្ថានការណ៍ក្នុងតំបន់ ហើយបង្កគ្រោះថ្នាក់ចំពោះសន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់។ យើងជំទាស់យ៉ាងម៉ឹងម៉ាត់ចំពោះទង្វើបែបនេះ»។ យោធាអាមេរិកធ្លាប់បាននិយាយថា បេសកកម្មបែបនេះគឺដើម្បីបង្ហាញ ពីការប្តេជ្ញាយ៉ាងមុតមាំរបស់ខ្លួន ចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោនគឺជាខ្នងបង្អែកដ៏សំខាន់បំផុតរបស់ទីក្រុងតៃប៉ិ នៅលើឆាកអន្តរជាតិ ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំផងដែរ បើទោះបីជាភាគី ទាំងពីរ ពុំមានទំនាក់ទំនងការទូតផ្លូវការរវាងគ្នាក៏ដោយ។ ការគាំទ្ររបស់អាមេរិកចំពោះតៃវ៉ាន់នេះហើយ គឺជាមូលហេតុចម្បងមួយ នៃភាពមិនចុះសម្រុងគ្នា នៅក្នុងទំនាក់ទំនងអាមេរិក-ចិន៕

Leave a Reply

Your email address will not be published.