សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែដើរតួនាទីសំខាន់បណ្តុះបណ្តាលធនធានមនុស្ស….

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបានថ្លែទៅកាន់ក្រុមមន្ត្រី និងនិស្សិតថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ជាតិ និងប្រជាជនកម្ពុជា, ហើយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពេលដែលសម្ដេចអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង ៧ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតបញ្ចប់ការសិក្សា ឱ្យបន្តសិក្សារៀនសូត្របន្ថែមទៀត ព្រោះថា ការមិនព្រមរៀន មិនព្រមស្វែងយល់ពីបច្ចេកវិទ្យា នឹងក្លាយទៅជាឧបសគ្គសម្រាប់ការងារនាពេលខាងមុខ ក៏ដូចជាឧបសគ្គក្នុងការអភិវឌ្ឍន៍ប្រទេសផងដែរ។

ជាការលើកទឹកចិត្តដល់ការសិក្សាស្រាវជ្រាវ សម្តេចតេជោ ហ៊ុន សែន ប្រកាសដំឡើងប្រាក់ឧបត្ថម្ភទៅកាន់បណ្ណាល័យរបស់សម្តេច នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន១០លានរៀលក្នុងមួយខែ ចាប់ពីខែមីនាឆ្នាំ២០២៣នេះតទៅ។ បណ្ដាល័យនេះគឺជាឃ្លាំងចំណេះដឹងដ៏សំខាន់សម្រាប់សិស្សនិស្សិតដែលត្រូវការចំណេះដឹងផ្សេងៗ ជាពិសេសការសិក្សាស្រាវជ្រាវរបស់និស្សិតគ្រប់ៗរូប និងដើម្បីលើកមុខមាត់ដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលកំពុងដើរតួនាទីសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស៕

Leave a Reply

Your email address will not be published.