ឆ្លងចរន្តអគ្គិសនីឆាបឆេះកញ្ចុះចំនួន៥នៅក្នុងភោជនីយដ្ឋាន ម៉ាន់នី ហ្គោលស៊ីតធី KTV
ភ្នំពេញ: កញ្ចុះស្បូវចំនួន៥នៅក្នុងភោជនីយដ្ឋាន ម៉ាន់នី ហ្គោលស៊ីតធី KTV ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានភ្លើងឆាបឆេះសង្ស័យផ្ដើមចេញពីការឆ្លងចរន្តអគ្គីសនី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើខណៈដែលបុគ្គលិកហាង ដែលកំពុងនៅទីនោះ ស្រាប់តែឃើញអណ្តាតភ្លើង សង្ស័យឆ្លងចរន្តអគ្គីសនី បណ្ដាលឆេះខ្សែភ្លើង ហើយក៏ឆាបឆេះរាលឆ្លងដល់ដំបូលស្បូវកញ្ចុះយ៉ាងសន្ធោរសន្ធៅតែម្ដង។ភ្លាមៗនោះបុគ្គលិកហាងបាននាំគ្នាដងទឹក បាញ់ជះ និងប្រើបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់។
ក្រោយកើតហេតុភ្លាមៗក៏បានរាយការទៅអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានព្រមទាំងរថយន្តពន្លត់អគ្គីភ័យរបស់អង្គភាព៧១១ ចេញជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ក្រោយមកទើបភ្លើងរលត់ទៅវិញទាំងស្រុង ការឆាបឆេះខាងលើអស់ដំបូលកញ្ចុះចំនួន៥ខ្នងទាំងស្រុង តែសំណាងមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ៕












