ការបាញ់ទម្លាក់បាល់ឡុងរបស់ចិន មេទ័ពសហរដ្ឋអាមេរិក កំណត់ថា ជាបាល់ឡុងចារកម្ម និងកំពុងរុករកកម្ទេចកម្ទីដើម្បីពិនិត្យ…

 

សារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ថា លោកឧត្ដមសេនីយ៍ ហ្គែន វ៉ាន់ហ៊ឺក (Glen VanHerck) មេបញ្ជាការ នៃទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង និង ជាមេបញ្ជាការ នៃទីបញ្ជាការភាគខាងជើងរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា បាល់ឡុង ដែលហោះ នៅក្នុងរយៈកម្ពស់ខ្ពស់ នៅអាមេរិកខាងជើង ចាប់តាំងពីចុងខែមករាមកនោះ ត្រូវបានបាញ់ទម្លាក់ នៅក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក ហើយវាបានធ្លាក់ចូលទៅក្នុងដែនទឹករបស់សហរដ្ឋអាមេរិក, ពេលនេះកងកម្លាំងជើងទឹករបស់សហរដ្ឋអាមេរិក កំពុងតែប្រតិបត្តិការរុករកភស្តុតាង ឯកសារផ្សេងៗនៅក្នុងបាល់ឡុងនោះ ដើម្បីឲ្យដឹងថា តើជាការហោះឈ្លបយកការណ៍ ឬក៏ជាការប្រើប្រាស់ទៅលើអ្វីមួយ?!

លោកមេបញ្ជាការ VanHerck បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ថា «កងទ័ពជើងទឹកអាមេរិករបស់យើង បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការស្តារឡើងវិញ ដោយមានឆ្មាំឆ្នេរសមុទ្រអាមេរិក ជួយធានាសន្ដិសុខដល់តំបន់នោះ និង រក្សាសុវត្ថិភាពសាធារណៈ»។

ដោយឡែក ក្រុងប៉េកាំង បានបញ្ជាក់ ថា «បាល់ឡុងនោះ ត្រូវបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវផ្នែកឧតុនិយម ហើយវាត្រូវបានបង្ហោះរសាត់ទៅ ដោយសារតែអាកាសធាតុដ៏អាក្រក់ និង សមត្ថភាពចង្កូត មានដែនកំណត់របស់វា។

លោក តាន់ កេហ្វី (Tan Kefei) អ្នកនាំពាក្យ ក្រសួងការពារជាតិចិន បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ការបាញ់ទម្លាក់បាល់ឡុង ដែលកំពុងតែហោះហើរប្រហែលកម្ពស់ ១៨ ៣០០ម៉ែត្រនោះ គឺជាប្រតិកម្មដ៏ហួសហេតុរបស់អាមេរិក, ពេលនេះ ចិននឹងរក្សាសិទ្ធិ នៅក្នុងការចាត់វិធានការដ៏ចាំបាច់ ដើម្បីដោះស្រាយស្ថានភាពស្រដៀងគ្នានេះ៕

សូមជម្រាបថា បាល់ឡុងនោះ បានចូលទៅកាន់ដែនកាសរបស់សហរដ្ឋអាមេរិក ជាលើកដំបូង នៅក្នុងរដ្ឋអាឡាស្កា (Alaska) កាលពីថ្ងៃទី២៨ ខែមករា មុនពេលវាបានធ្វើដំណើរ ចូលទៅក្នុងដែនអាកាសរបស់កាណាដា នាថ្ងៃទី៣០ ខែមករា។ បន្ទាប់មក បាឡុងនោះ បានវិលចូលមកដែនអាកាសរបស់សហរដ្ឋអាមេរិក ជាថ្មីវិញ នៅភាគខាងជើង អាយដាហូ (Idaho) នៅថ្ងៃទី៣១ ខែមករា៕

Leave a Reply

Your email address will not be published.