រាជរដ្ឋាភិបាល ចាប់ផ្ដើមអនុវត្តការដំឡើងបៀវត្ស ប្រាក់ឧបត្ថម្ភ ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធក្នុង ខែមករា ឆ្នាំ២០២៣ នេះតទៅ..

 

មិនមែនជាការនិយាយលេង ឬនិយាយចោល ឬសន្យាខ្យល់នោះទេ រាជរដ្ឋាភិបាលចាប់ផ្ដើមអនុវត្តជាក់ស្ដែងហើយ គឺចាប់ពី ខែមករា ឆ្នាំ២០២៣ បៀវត្ស ប្រាក់ឧបត្ថម្ភផ្សេងៗ របស់មន្ត្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើង  ៖

* បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល  ត្រូវបានដំឡើងពីចំនួន ១ ១៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៣០០ ០០០ រៀល

* គ្រូបង្រៀន និង គ្រូពេទ្យ ត្រូវបានដំឡើងពីចំនួន ១ ២៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៤០០ ០០០ រៀល

* បៀវត្សនគរបាល (ពលបាលត្រី) ត្រូវបានដំឡើងពីចំនួន ១ ២៥៦ ៩៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២២ ដល់ប្រមាណ ១ ៣៨៤ ៤៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ)

* បៀវត្សយោធិន (ពលទោ) ត្រូវបានដំឡើងពីចំនួន ១ ១២៣ ៥០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ២៥១ ០០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៣០៩ ៤៧៧ រៀល។

ទន្ទឹមនេះ  រាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន៥០ប៊ីលានរៀល  សម្រាប់មូលនិធិថែទាំសុខភាពជូនមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន និងបានបន្តគ្រោងថវិកាចំនួន ៦ ប៊ីលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។

ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន ១៨១ ប៊ីលានរៀល សម្រាប់ការដំឡើង ប្រាក់សោធនអប្បបរមាប្រចាំខែ ជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ក្នុងគោលដៅជួយគាំទ្រដល់ជីវភាពរបស់ពួកគាត់ ក៏ដូចជាសំដៅកាត់បន្ថយគម្លាតប្រាក់សោធនរបស់និវត្តជន រវាងនិវត្តជនថ្មី និងនិវត្តជនចាស់។ ដូចនេះ ប្រាក់សោធនអប្បបរមាប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន (អតីតយោធិន និងអតីតមន្ត្រីនគរបាលជាតិ) នឹងត្រូវបានដំឡើងពី ៦៩ ម៉ឺនរៀល ទៅដល់ ៧៧ ម៉ឺនរៀល ចាប់ពីខែមករា ឆ្នាំ ២០២៣  ។

ដោយឡែក ប្រាក់ឧបត្ថម្ភសម្រាប់មន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានកំណើនដូចខាងក្រោម៖

* ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ៥៧០ ០០០រៀល

* សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ១៩៥ ០០០រៀល

*  ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ២៨៥ ០០០រៀល

* សមាជិក ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ  នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៩៧៩ ០០០រៀល

* ប្រធានក្រុមប្រឹក្សា ឃុំ សង្កាត់ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ១ ២៤០ ០០០រៀល

* ទំនប់ទី១, ចៅសង្កាត់រងទី១ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៩៣០ ០០០រៀល

* ទំនប់ទី២, ចៅសង្កាត់រងទី២ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៨២០ ០០០រៀល

* មេភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៥១០ ០០០រៀល

* អនុប្រធានភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៣៩០ ០០០រៀល

* សមាជិកភូមិ នឹងទទួលបានប្រាក់ឧបត្ថម្ភកើនឡើងដល់ ៣៦០ ០០០រៀល

រីឯកម្មវិធីផ្ទេរសាច់ប្រាក់ សម្រាប់ស្រ្តីក្រីក្រមានផ្ទៃពោះ និងកុមារតូច រដ្ឋបានគ្រោងថវិកាសម្រាប់ឧបត្ថម្ភពេលពិនិត្យផ្ទៃពោះចំនួន ៤លើក ដែលក្នុងមួយ១ លើកចំនួន៤ម៉ឺនរៀល , ពេលសម្រាលកូននៅមណ្ឌលសុខភាព ឬពេទ្យជូន២០ម៉ឺនរៀល ។ ជាមួយគ្នានេះ រដ្ឋក៏នឹងឧបត្ថម្ភ ១០លើកទៀត ពេលទៅទទួលថ្នាំបង្ការរហូតដល់កុមារអាយុ២ឆ្នាំ ដោយក្នុងមួយលើក៤ម៉ឺនរៀល៕

Leave a Reply

Your email address will not be published.