ខ្លាំងមែន!ស្លៀកឯកសណ្ឋាននគរបាលជាតិធ្វើសកម្មភាពប្លន់ម៉ូតូនិងទូរស័ព្ទពីនារីរងគ្រោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៣នាក់និងបង្ហាញមុខជាសាធារណៈ…

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៤ កម្លាំងនគរបាលនៃអធិការខណ្ឌដង្កាលបានធ្វើការបង្ហាញមុខក្រុមជនសង្ស័យប្រុសស្រី៣នាក់ ពាក់ព័ន្ធករណី ប្រើអំពើហិង្សា (ចាប់ដាក់ខ្នោះដៃប្លន់យកទូរស័ព្ទដៃ និងម៉ូតូ) , ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់លិខិតក្លែង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុចផ្ទះចាំចំការ ផ្លូវទំនប់សណ្តរស្ទឹង ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការចាត់ការតាមច្បាប់៕
លោកវិរៈសេនីយ៍ឯក ជឹម សុីថា បានអោយដឹងថា ជនរងគ្រោះ១/ឈ្មោះ សាន ពិសី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ទីលំនៅភូមិ ដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ២/ឈ្មោះ ចាន់ ផលលិត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រះសង្ឃ ស្នាក់នៅវត្តកំពង់ក្ដុល ស្ថិតនៅភូមិម្មិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។
ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានចំនួន០៣នាក់ ទី០១ឈ្មោះ វី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅ សិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ ទី ០២ឈ្មោះ ខូវ រច្ចនា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ទី៣.ឈ្មោះ ជ្រឹង វេហា ហៅ ភោគ ភេទប្រុស អាយុ១៩ឆ្នាំ និងបានធ្វើការដកហូតបានវត្ថុតាងមួយចំនួនរួមមាន១/ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 1HU-2504 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) ២/ខ្ចោះដៃចំនួន០២, ៣/កាត ប៉ូលិស (ក្លែងក្លាយ) ឈ្មោះ វី សុភាវ៉ាន់ ចំនួន០១, ៤/កាតប៉ូលិស (ក្លែងក្លាយ) ឈ្មោះ ខូវ រច្ចនា ចំនួន០១, ៤/ប័ណ្ណ សសើរឈ្មោះ វី សុភាវ៉ាន់ ចំនួន០១, ៥/ឯកសណ្ឋានឈុតពណ៌ខៀវផ្លាកឈ្មោះ វី សុភាវ៉ាន់ ចំនួន០១, ៦/ឯក សណ្ឋានពណ៌ទឹកដោះគោ ពាក់សក្តិ៤ របស់ឈ្មោះ វី សុភាវ៉ាន់ ចំនួន០១, ៧/ប័ណ្ណសរសើរឈ្មោះញ បាន វិចិត្រ ចំនួន០១, ៨/ទូរស័ព្ទដៃម៉ាក Tecno Spark ចំនួន០២គ្រឿង, ៩/លិខិតសូមបម្រើការងារឈ្មោះ ចឹង វេហា ចំនួន ០១សន្លឹក ១០/ដីកាចាប់ខ្លួនមួយចំនួន, ១១/កាបូបស្ពាយពណ៌ខ្មៅចំនួន០១ (របស់ជនសង្ស័យ) ។
លោកបានបន្ថែមទៀតថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី នារីរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1HU-2504 ចេញពីផ្ទះ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ ដើម្បីយកសៀវភៅទៅប្រគេនព្រះសង្ឃស្គាល់គ្នាដែលនារីរគ្រោះបានខ្ចី ពេលនោះនារីរងគ្រោះបានណាត់ជួបព្រះសង្ឃដើម្បីប្រគេនសៀវភៅ នៅផ្ទះចាំចំការ ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ ហើយផ្ទះចាំចំការនោះ ដែលជនរងគ្រោះជាព្រះសង្ឃបានស្គាល់ឈ្មោះ ប៊ុត សាវី ភេទប្រុស អាយុ៦៥ឆ្នាំ ជាអ្នកចាំចំការ ។ ខណៈដែលជនរងគ្រោះបានទៅផ្ទះចាំចំការប្រគេនសៀវភៅព្រះសង្ឃរួចរាល់ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ស្លៀកពាក់ឯកសណ្ឋានប៉ូលិស ឆក់យកទូរស័ព្ទដៃពីនារីរងគ្រោះរួចច្រានចូលទៅក្នុងផ្ទះជាមួយជនរងគ្រោះជាព្រះសង្ឃហើយទាញទ្វារបិទយកខ្សែចងទ្វារពីខាងក្រៅ បន្ទាប់មកបក្ខពួកជនសង្ស័យ២ទៀត ស្លៀកពាក់ឯកសណ្ឋាននគរបាលពាក់សក្តិ៤ និងនារីជាជនសង្ស័យក៏បានមកដល់បាននិយាយទាលុយពីនារីរងគ្រោះចំនួន៥០០ដុល្លារ (ប្រាំរយដុល្លារអាមេរិក)តែនារីរងគ្រោះមិនមានប្រាក់អោយជនសង្ស័យនោះទេ ក្រោយមកជនរងគ្រោះជាព្រះសង្ឃក៏បានលួចលូនចេញពីក្នុងផ្ទះតាមសំយ៉ាបផ្ទះចុះទៅក្រោមរត់គេចខ្លួនពេលនោះជនសង្ស័យបានឃើញក៏ដេញតាម តែតាមមិនទាន់ ក៏បានត្រឡប់មកវិញ បើកទ្វារចូលទៅក្នុងផ្ទះវ៉ៃខ្នោះដៃនារីរងគ្រោះរួចក្រុមជនសង្ស័យបានយកសោរម៉ូតូបើកម៉ូតូរបស់នារីរងគ្រោះរួមនិងទូរស័ព្ទដៃនាំគ្នាគេចខ្លួនបាត់ ចំណែកនារីរងគ្រោះបានដោះខ្នោះដៃដោយខ្លួនឯងរួចមករាយការណ៍ប្រាប់សមត្ថកិច្ច នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន ដើម្បីឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ ក្រោយមកសមត្ថកិច្ចបើកការស្រាវជ្រាវអស់រយៈពេល២ម៉ោងឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់បានជាបន្តបន្ទាប់។ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពដាក់ខ្មោះ ដៃនារីរងគ្រោះប្លន់យកម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះទាំងពីរនាក់ប្រាកដមែន៕

Leave a Reply

Your email address will not be published.