កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃ២នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…
បន្ទាយមានជ័យ ៖ នៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបានចំនួន០២នាក់ ៖
១-ឈ្មោះ គៀតទីផុន ប៉ាក់ប៉ា ហៅ គៀម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូបច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់)
២-ឈ្មោះ វ៉ាយូ ចាលើនសាយ ហៅ បុត ភេទប្រុស អាយុ២៣ឆ្នាំជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូបច្ចុប្បន្នស្នាក់នៅ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(រក្សាទុក និងប្រើប្រាស់)។
+ចាប់យកវត្ថុតាងរួមមាន៖
-គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់និងក្រាមសថ្លា (កេតាមីន) ចំនួន១០កូនថង់កិប ទម្ងន់ ២៧,៣៧ក្រាម
-ទូរស័ព្ទចំនួន ០២គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន០១សន្លឹក (Kaidtiphong Phakpha), កាតការងារចំនួន ០១សន្លឹក
-នាឡិកាដៃលោហធាតុពណ៌ស ខ្សែពណ៌ខ្មៅ ចំនួន០១គ្រឿង, ខ្សែកអង្គាំបណ្តោងរូបព្រះចំនួន០១ខ្សែ និងកាបូបស្ពាយពណ៌ខ្មៅចំនួន០១។
ក្រោយឃាត់ខ្លួននិងសួរចម្លេីយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនយកមកជួញដូរ រក្សាទុក និងប្រើប្រាស់ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និងមានវត្ថុតាងខាងលើកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។












