ចាប់ឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណៈបក្សភ្លើងទៀន ពាក់ព័ន្ធករណី”ចាយសែកអត់លុយ..

 

ភ្នំពេញ ៖ លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានចេញដីកាសម្រេចឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណៈបក្សភ្លើងទៀន ពាក់ពន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបានពោលគឺចាយសែកចំនួន៥ សន្លឹកគ្មានសាច់ប្រាក់ ។

លោក ថាច់ សេដ្ឋា ភេទប្រុស អាយុ៧០ ឆ្នាំ មុខរបរ មន្ត្រីពាណិជ្ជកម្មរាជធានីភ្នំពេញ គ្រូបង្រៀន ចាងហ្វាងកាសែតស្មារតីខ្មែរ និងតួនាទីក្នុងបក្ស ជាអនុប្រធានគណបក្សភ្លើងទៀន ទីកន្លែងកំណើត ភូមិអញ្ចាញ ឃុំតាសឹក ស្រុកថ្កូវ ខេត្តព្រះត្រពាំង (កម្ពុជាក្រោម) ទីលំនៅបច្ចុប្បន្នផ្ទះលេខ១០៦ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោក ថាច់ សេដ្ឋា ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ« បំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន »ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ ដែលបទល្មើសមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្តីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

ជនត្រូវចោទត្រូវបានកម្លាំង សមត្តកិច្ចនគរបាល នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅ ម្តុំ វត្ត សំរោង អណ្តែត ក្នុង សង្កាត់ ភ្នំពេញ ថ្មី ខណ្ឌ សែន សុខ កាលពីវេលា ម៉ោង ប្រមាណ ៥ និង ៤០ ល្ងាច ថ្ងៃ ទី ១៦ ខែមករា ឆ្នាំ ២០២៣ តាម ដីកា បង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ ពេលឃាត់ខ្លួនលោក ថាច់ សេដ្ឋា ត្រូវបានកម្លាំងសមត្តកិច្ចបញ្ជូន ខ្លួន ទៅ កាន់ សាលាដំបូង រាជធានី ភ្នំពេញ ភ្លាមៗ ដោយបានប្រគល់ជូនចៅក្រមស៊ើបសួរ បើកការស៊ើបសួរតាមនីតិវិធី និងក្រោយពីសាកសួរ ចៅក្រមសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសទៅតាមផ្លូវច្បាប់ ។

ក្រោយពេលតុលាការសម្រេចឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នាព្រលប់ថ្ងៃដដែលនោះ លោក ប្លង់ សុផល ព្រះរាជអាជ្ញា រង និង ជា អ្នកនាំពាក្យ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ បាន ចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ដោយអនុវត្ត ទៅតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលេខ ៣៨ “ឈ១” ព្រ.ទ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសូមជម្រាបជូនថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តំណាងអយ្យការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប បាន ប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន៥ សន្លឹក) ។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធព្រមទាំងពិនិត្យលើភស្តុតាងនានាតាមនីតិវិធីរួចមក អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី កំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿង ឲ្យស៊ើបសួរលេខ ២០២៣ អយញ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។

ក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន ០២លើក របស់ចៅក្រមស៊ើបសួរដែលមានលេខ ៦៤ “ម” ព្រ.ទ ចុះ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឲ្យចូលខ្លួនលេខ ១៩ ឈ១ៗព្រ.ទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយពុំមានមូលហេតុ ។ រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិវិធី ។ ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេច ឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤១២ “ឈ១” ដ.,ដ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២ ០២៣ ។ សេចក្តីប្រកាសព័ត៌មានខាងលើ សូមសាធារណជនមេត្តាជ្រាបតាមការគួរ ៕ មករា

Leave a Reply

Your email address will not be published.