ព្រះមហាក្សត្រ ថ្លែងព្រះរាជសុន្ទរកថា ចំពោះស្ថាប័នកំពូលព្រឹទ្ធសភា  …

ភ្នំពេញ ៖ ព្រះរាជសុន្ទរកថារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្ដីថ្លៃថ្នូរ សម្រាប់ប្រជារាស្ត្រគ្រប់រូប និងលើកកម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវ សុភមង្គល ភាពសុខដុមរមនាយូរអង្វែង ទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិយើងទាំងមូល ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ថ្ងៃនេះជាឱកាសដ៏មហាវិសេសវិសាល ដែលព្រឹទ្ធសភានីតិកាលទី៥ បានប្រារព្ធពិធីបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី ម្ចាស់ឆ្នោតគឺតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ក្នុងក្របខ័ណ្ឌភូមិភាគទាំង៨ បាន សម្តែងនូវឆន្ទៈ និងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតជាអសាកល សេរី និងពហុបក្ស កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក ។
អង្គព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលបន្តទៀតថា “ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្តែងនូវសេចក្ដីអំណរសាទរដ៏កក់ក្ដៅក្រៃលែង ថ្វាយ និងជូនចំពោះសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួមគ្នាបំពេញតួនាទីភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ ឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អ និងនីតិរដ្ឋ ។ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម ។ សាមគ្គីជាតិរឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិតសេ្ថរ គង់វង្ស ត្រូវដើរទន្ទឹមនឹងការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.