ដើម្បីកាត់បន្ថយការចំណាយ សម្រួលដល់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ៤៥៥គ្រឿង និងទឹកបរិសុទ្ធ សម្រាប់បម្រើក្នុងឱកាសចូលឆ្នាំថ្មី …

រាជធានីភ្នំពេញ ÷ អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីកម្ពុជា, រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនតម្រូវឱ្យបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញថា ÷
– សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង,
– សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង ។
– រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល សូមកុំតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប និងចូលរួមធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព និងផាសុកភាព និងសប្បាយរីករាយក្នុងឆ្នាំថ្មី៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.