សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ជំរុញសក្ដានុពលអាស៊ាន ដើម្បីកំណើនបរិយាប័ន្ន ….
រាជធានីភ្នំពេញ ÷ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីគីត្រា។
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) ឆ្នាំ២០២៤ ធ្វើឡើង ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយ បរិយាប័ន្ន (Unleashing ASEAN’s Potential: Connectivity, Technology, and Inclusive Growth)»។ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុច ស្នូល និងលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន, កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និង ការប្រើប្រាស់ បច្ចេក វិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជាមានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ ស្របពេលដែលយើងត្រូវ ដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ និងចាប់យកកាលានុវត្តភាព ដែលកំពុងកើតមាន នៅក្នុងតំបន់របស់យើង។ មូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» គឺជារបៀបវារៈចំកាលៈទេសៈ និងមានមហិច្ឆតា។ សម្តេចធិបតី បានមានប្រសាសន៍ដោយបានកត់សម្គាល់ឃើញថា សុន្ទរកថាគន្លឹះនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល នឹងពិភាក្សាស៊ីជម្រៅ អំពីបញ្ហាសំខាន់ៗ ដែលមានការពាក់ព័ន្ធខ្ពស់នឹងតំបន់របស់យើង ប្រធានបទដែលត្រូវបានជ្រើសរើស ឆ្លុះបញ្ចាំងឱ្យឃើញពីការយល់ដឹងយ៉ាងជ្រាលជ្រៅ អំពីគោលការណ៍ណែនាំរបស់អាស៊ាន, ការអភិវឌ្ឍថ្មីៗ និង ទីតាំងជាយុទ្ធសាស្ត្ររបស់កម្ពុជា៕ កុលាបភ្នំពេញ












