ធនាគារពិភពលោក គាំទ្រ និងជំរុញកម្ពុជាឱ្យងាកទៅប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីចូលរួមជួយបរិស្ថានល្អ …

រាជធានីភ្នំពេញ ៖ ធនាគារពិភពលោក បានចេញប្រកាសព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះថា  ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ។
ធនាគារពិភពលោកបានលើកឡើងដូច្នេះនៅក្នុងរបាយការណ៍មួយ ក្រោមចំណងជើងថា “អនុសាសន៍សម្រាប់រៀបចំផែនទី បង្ហាញផ្លូវថ្នាក់ជាតិស្តីពីអន្តរកាលនៃការប្រើប្រាស់យានយន្តអគ្គិសនី” (Recommendations to the National Roadmap for Electric Mobility Transition)។ របាយការណ៍នេះ ក៏បានផ្តល់នូវអនុសាសន៍ផងដែរ សម្រាប់កិច្ចខិតខំបន្តរបស់កម្ពុជា ក្នុងការរៀបចំឡើងនូវក្របខណ្ឌគោលនយោបាយជាតិ ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី, ហើយថា ទាំងអស់គ្នាត្រូវរុករកមើលវិធីសម្រាប់ដំណើរងាកចេញពីទីផ្សារ ដែលគ្របដណ្តប់ដោយយានយន្តប្រើប្រេងសាំង និងប្រេងម៉ាស៊ូត ដែលសុទ្ធតែត្រូវបាននាំចូលពីក្រៅ។ នៅក្នុងនោះតើយើងគួរបង្កើនកម្រិតណា ទាំងតម្រូវការ និងការផ្គត់ផ្គង់យានយន្តអគ្គិសនី (EVs) និងថាតើគួរត្រៀមខ្លួនដូចម្តេចខ្លះ សម្រាប់ការកើនឡើងនៃតម្រូវការថាមពលអគ្គិសនី ដែលចាំបាច់សម្រាប់សាកអាគុយយានយន្តអគ្គិសនី។
នៅខែធ្នូ ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅក្លាយជាសេដ្ឋកិច្ចមានអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ ២០៥០។ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្រាប់ការដឹកជញ្ជូនគ្មានបំភាយកាបូន រួមបញ្ចូល ៧០%នៃម៉ូតូ និង ៤០% នៃរថយន្ត និងរថយន្តសាធារណៈក្នុងទីប្រជុំជន ជាយានយន្តអគ្គិសនី នៅត្រឹមឆ្នាំ២០៥០។
លើសពីនេះ រដ្ឋាភិបាល បានកំណត់គោលដៅពង្រីកសមត្ថភាពនៃមធ្យោបាយដឹកជញ្ជូនសាធារណៈ ឱ្យបំពេញបានរហូតដល់ទៅ ៣០% នៃតម្រូវការដឹកជញ្ជូនអ្នកដំណើរនៅក្នុងទីក្រុង គិតត្រឹមឆ្នាំ២០៥០។ ស្របគ្នានឹងការបន្តជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចំនួនយាន យន្តសរុបដែលកំពុងធ្វើចរាចរនៅលើដងផ្លូវ តាមការប៉ាន់ស្មាន អាចនឹងកើនឡើងពី ៦លានគ្រឿង នាពេលបច្ចុប្បន្ន ទៅដល់ ៨លានគ្រឿង នៅឆ្នាំ២០៣០ និង ១៤លានគ្រឿង នៅឆ្នាំ២០៥០។ បច្ចុប្បន្ននេះ ចំនួនរថយន្តអគ្គិសនីដែលធ្វើចរាចរលើដង ផ្លូវក្នុងប្រទេសកម្ពុជា មានតិចជាង ១ ០០០គ្រឿង ប៉ុណ្ណោះ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ទោះជាយ៉ាងណាក៏ដោយ គោលដៅនេះ ទាមទារឱ្យមានការវាយតម្លៃដោយប្រុងប្រយ័ត្នលើការផ្លាស់ប្តូរ។ ពិតណាស់ បច្ចុប្បន្នប្រជាជនកម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើន តាមរយៈការប្រើប្រាស់យានយន្តជជុះតម្លៃទាប ដែលនាំចូលពីបរទេស ប៉ុន្តែវាបាននាំមកនូវការខាតបង់ធំដល់បរិស្ថាន ហើយក៏នឹងក៏អាចជាឧបសគ្គមួយដល់ការកើនឡើងនូវការប្រើប្រាស់យានយន្តអគ្គិសនីផងដែរ។ យើងប្តេជ្ញាជួយរដ្ឋាភិបាលនៅក្នុងអន្តរការនេះ និងស្វែងរកមធ្យោបាយដែលអាចធ្វើទៅបាន នៅក្នុងដំណើរទៅមុខ៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.