សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមេដឹកនាំអាស៊ី រក្សាស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចឱ្យកាន់តែខ្លាំង 

ប្រទេសចិន ÷ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្រាប់តំបន់ និងពិភពលោក យើងមានសេចក្តីរីករាយនៅពេលមានចិនបន្តអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មបើកចំហ និងបង្ហាញការផ្ដាជ្ញាយ៉ាងមុតមាំ ក្នុងការកសាងសហគមន៍ ជោគវាសនារួម សម្រាប់មនុស្សជាតិ តាមរយៈការលើកម្ពស់សាកលភាវូបនីយកម្ម ដែលផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍ រួមសម្រាប់ទាំងអស់គ្នា។
សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍លើកឡើងបែបនេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសសម្ដេច អញ្ជើញចូលរួមក្នុងវេទិកា ” បូអាវ ” នៅសាធារណរដ្ឋប្រជាមានិតចិន ហើយសម្ដេចបានឡើងថ្លែងសុន្ទរកថាគន្លឹះនៅចំពោះមុខថ្នាក់ដឹកនាំជាច្រើនរូប។ ពិធីបើកវេទិកានេះ មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ចជន ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានាជាច្រើនរូប ក្រោមមូលបទ «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម» ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថាបច្ចុប្បន្ន តំបន់ជាច្រើន នៃពិភពលោកមិនទាន់បានធូរស្បើយពីសង្គ្រាម និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបានកើតឡើងទៅលើជនស្លូតត្រង់ ក៏ដូចជាលើសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនោះទេ។ សង្គ្រាមនៅអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី៣ ហើយជាអកុសល យើងមិនទាន់បានឃើញពន្លឺនៃ សន្តិភាពនោះឡើយ។ ឯសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏នៅបន្តឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។
ទាក់ទងនឹងដំណោះស្រាយសង្គ្រាមនេះ សម្ដេចពិតជាមានសេចក្តីរីករាយ ចំពោះសកម្មភាពសម្រុះសម្រួលឆ្លងប្រទេសយ៉ាងសកម្មរបស់ចិន ដើម្បីស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន ដោយសម្ដេចជឿជាក់ថាសកម្មភាពបែបនេះ នឹងក្លាយជាគំរូដ៏ល្អសម្រាប់តួអង្គដែលមានការទទួលខុសត្រូវ ផ្សេងទៀត នៃសហគមន៍អន្តរជាតិ ក្នុងការពន្លឿនការចរចា និងឈានទៅសម្រេចបទឈប់បាញ់ នៅអ៊ុយក្រែន ក៏ដូចជាតំបន់ផ្សេងទៀត នៃពិភពលោក ដែលត្រូវបំភ្លេចបំផ្លាញដោយសង្គ្រាមនោះ។
ដូច្នេះ យើងទាំងអស់គ្នា បន្តទទួលខុសត្រូវ នៅក្នុងតំបន់អាស៊ី គឺរក្សាស្ថេរភាព និងសន្តិភាព នៅក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ នឹងមិនវិលត្រឡប់ថយក្រោយ និងការធានាជំរុញឱ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍន៍ បច្ចុប្បន្ន និងអនាគត ដើម្បីវិបុលភាពរួមគ្នា ។ អាស៊ីបានបន្តអភិវឌ្ឍន៍យ៉ាងខ្លាំង ហើយបានដើរតួនាទីជាក្បាលម៉ាស៊ីនដឹកនាំ កំណើនសេដ្ឋកិច្ច ជាពិសេសក្នុងអំឡុងពេលដ៏លំបាកមួយ ដែលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់ចំណុចខ្សោយ ធៀបនឹងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.