រដ្ឋមន្ត្រីពាណិជ្ជកម្មសាធារណរដ្ឋកូរ៉េ ដឹកនាំប្រធានក្រុមហ៊ុនធំៗ ចូលជួបសម្ដែងការគួរសម និងប្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា កំពុងស្វែងរកការវិនិយោគបន្ថែម   …

រាជធានីភ្នំពេញ ÷ សហប្រធានគណៈប្រតិភូពាណិជ្ជកម្ម និងវិនិយោគ ទាំងស្ថាប័នរដ្ឋ និងឯកជន ដែលជាតំណាងក្រុមហ៊ុនធំៗ នៃសាធារណរដ្ឋកូរ៉េ បានថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំកំពូលកម្ពុជាថា ក្រុមប្រតិភូរបស់លោក សូមកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា  ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការបំពេញតួនាទីលើឆាកអន្តរជាតិរបស់កម្ពុជាប្រកបដោយភាពជោគជ័យ ដូចជាការធ្វើជាប្រធានអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីឆ្នាំ២០២២ ដែលស្ថានភាពបែបនេះ ធ្វើឱ្យគណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគ នៃសាធារណរដ្ឋកូរ៉េ ស្វែងរកឱកាសវិនិយោគបន្ថែម។
ការកោតសរសើរ និងរំលេចឡើងបែបនេះ ធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យ ឯ‍កឧត្តម In-Kyo CHEONG រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ និងលោក CHANG Dae-Whan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃបណ្តាក្រុមហ៊ុនកូរ៉េជាច្រើន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ពាក់ព័ន្ធនឹងពាណិជ្ជកម្ម-វិនិយោគ។
ជាបន្ត ឯ‍កឧត្តម In-Kyo CHEONG រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល សាធារណរដ្ឋកូរ៉េ ព្រមទាំងសមាជិកគណៈប្រតិភូ បានថ្លែងថា សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងបង្ហាញបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលបានចូលជាធរមាន, ហើយតាមរយ:កិច្ចព្រមព្រៀង CKFTA នេះ, ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីររីកចម្រើនគួរឱ្យកត់សម្គាល់។
ឯ‍កឧត្តមសហប្រធានគណៈប្រតិភូ បានប្តេជ្ញាថា រូបលោក និងគណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគ បន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការ និងការវិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន ៖ វិស័យអប់រំ ទេសចរណ៍ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ វិស័យកសិកម្ម ថាមពល បរិក្ខារអេឡិចត្រូនិក រថយន្ត និងគ្រឿងបង្គុំ សេវាម្ហូបអាហារ និងវិស័យសារព័ត៌មាន នៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ ប្រកបដេាយក្តីរីករាយ ដោយមានប្រសាសន៍ថា យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុនកូរ៉េ ដែលបានបោះទុនវិនិយោគ និងបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។ ខ្ញុំសូមបញ្ជាក់ជូនគណៈប្រតិភូថា តាមរយៈការធានាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជាអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងឆាប់រហ័សប្រកបដោយភាពធន់ក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ។
ទន្ទឹមនេះ យើងបានដាក់ចេញនូវគោលនយោបាយ និងយន្តការគាំទ្រ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិននៅកម្ពុជា តាមរយៈការរៀបចំនូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រមទាំងដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯ‍កជន (Public-Private Partnership)៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.