ក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ ចំនួន ៥ មានបំណងបណ្ដាក់ទុននៅកម្ពុជា និងកំពុងស្វែងរកឱកាសវិនិយោគ …
រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េចំនួន ៥ផ្សេងៗគ្នា ដែលមួយចំនួនកំពុងវិនិយោគនៅកម្ពុជាស្រាប់ ចូលជួបពិភាក្សាការងារ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ជាបន្តបន្ទាប់ ដើម្បីរកមើលថា តើសក្ដានុពលដែលត្រូវវិនិយោគ-ពាណិជ្ជកម្មបន្ថែមទៅលើអ្វីខ្លះនៅកម្ពុជា។
ក្រុមហ៊ុនចំនួន ៥ ខាងលើនេះ រួមមាន៖
១. លោក Eui-sun Chung ប្រធានក្រុមហ៊ុន Hyundai Motor គឺជាក្រុមហ៊ុនមានអាជីវកម្មផលិតរថយន្តច្រើនប្រភេទរួមមានប្រភេទរថយន្តគ្រួសារ, រថយន្តដឹកទំនិញ, រថយន្តក្រុង, រថយន្តប្រភេទSUVs, MPV, និងអ៊ីដ្រូសែន, តួខ្សែថាមពល, និងគ្រឿងបន្លាស់រថយន្ត ជាដើម។
២. លោក Kyung-shik Sohn ប្រធានក្រុមហ៊ុន CJ Group ធំមួយរបស់កូរ៉េខាងត្បូង គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មម្ហូបអាហារ, ការកម្សាន្ត និងប្រព័ន្ធផ្សព្វផ្សាយ, ភស្ដុភារកម្ម, និងបច្ចេកវិទ្យាជីវសាស្រ្ត (Biotechnology)។
៣. លោក Joo-Bong Park ប្រធានក្រុមហ៊ុន DAEJOO KC Group កំពុងមានបុត្រសម្ព័ន្ធវិនិយោគនៅកម្ពុជាស្រាប់ គឺជាក្រុមហ៊ុនដែលធ្វើអាជីវកម្មលើឧស្សាហកម្មដែក, ភស្តុភារកម្ម, ឧស្សាហកម្មគីមី, ឧស្សាហកម្មរថយន្ត អាកាសចរណ៍ ឧស្សាហកម្មសំណង់ និងថាមពល ជាដើម។
៤. លោក Hee-beom Lee ប្រធានក្រុមហ៊ុន Booyoung Group ដែលជាក្រុមហ៊ុនបានចូលមកវិនិយោគនៅកម្ពុជាលើវិស័យជាច្រើនរួមមាន វិស័យអចលនទ្រព្យ (សាងសង់ខុនដូ បុរី សណ្ឋាគារ ទីលានវាយកូនហ្គោល) សេវាអប់រំ ទូរគមនាគមន៍ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
៥. លោកបណ្ឌិត Chang Dae-Whan ប្រធានក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។
ក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុននីមួយៗ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីឱកាសវិនិយោគ សក្ដានុពលរបស់ប្រទេសកម្ពុជា និងការត្រៀមខ្លួនរួចរាល់របស់កម្ពុជាក្នុងការសម្របសម្រួលវិនិយោគិន៕ កុលាបភ្នំពេញ












