កម្ពុជា-ឡាវ បានពិភាក្សាគ្នាពង្រឹងពង្រីកលើវិស័យជាច្រើន ក្នុងនោះផ្ដោតលើ ពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងទប់ស្កាត់បទល្មើសឆ្លងដែន …

ប្រទេសឡាវ ÷ ក្នុងកិច្ចស្វាគមន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤ និងក្នុងជំនួបសន្ទនា ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងនូវអត្ថន័យជ្រាលជ្រៅថា ទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាឱកាសនេះ នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីកម្ពុជា-ឡាវ កាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
សមភាគីទាំងពីរ សម្ដេចធិបតី ហ៊ុន ម៉ាណែត   និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន សុទ្ធតែបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់លើលទ្ធផល នៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិតនាពេលកន្លងមក និងបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន ៖ វិស័យនយោបាយ  ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ ការតភ្ជាប់ ថាមពល ដឹកជញ្ជូន និងកិច្ចការព្រំដែន ជាដើម។
ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានពិភាក្សាគ្នាពីសារៈសំខាន់ នៃការរៀបចំកិច្ចប្រជុំ លើកទី១៥ របស់គណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ការដាក់ឱ្យដំណើរការឡើងវិញនូវគណៈកម្មាធិការពាណិជ្ជកម្មចំរុះ JTC ដោយមានវេទិកាធុរកិច្ច និងវិនិយោគ និងការពង្រីកសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការផ្លាស់ប្ដូរពាណិជ្ជកម្ម ដូចជា ៖ សេវាហិរញ្ញវត្ថុ ការដឹកទំនិញផ្លូវគោក និងទេសចរណ៍ ដោយកម្ពុជា-ឡាវ នឹងជំរុញបង្កើនការហោះហើរត្រង់កម្ពុជា-ឡាវ សំដៅរួមចំណែកដល់កំណើនទេសចរណ៍ និងការពង្រីកពាណិជ្ជកម្ម។
ភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពី ការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការផ្លាស់ប្ដូរទស្សនកិច្ច រវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស និងគ្រឿងញៀន៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.