ចាប់ឃាត់ខ្លួនអ្នកដំណើរ ២នាក់ រត់ពន្ធគ្រឿងញៀនទៅកាន់ប្រទេសកូរ៉េ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ …

ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានថា នាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីនាយកដ្ឋានគយ និងរដ្ឋាករ នៃអាកាសយានដ្ឋានអន្តរជាតិ បានឃាត់ត្រួតពិនិត្យ អ្នកដំណើរសញ្ជាតិកូរ៉េ ចំនួន ២នាក់ ដែលធ្វើ ដំណើរតាមជើងយន្តហោះ ZA215 ក្នុងគោលដៅឆ្ពោះទៅប្រទេសកូរ៉េ។
តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយ និងរដ្ឋាករបានរកឃើញម្សៅពណ៌សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួនរបស់អ្នកដំណើរទាំងពីរនេះ។ តាមលទ្ធផលតេស្តបឋមដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (Methamphetamine) ទម្ងន់ ១ ២៩០,៧៩ក្រាម និងប្រភេទ កេតាមីន (Katamine) ទម្ងន់ ៩៨៧,៤២ក្រាម សរុបជាង ២គីឡូក្រាម។
បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាង និងសម្ភារ ត្រូវបានប្រគល់ជូន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.