ប្រជាពលរដ្ឋដែលចង់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អាចដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរជាតិមួយនេះបាន ចាប់ពីថ្ងៃនេះតទៅ…
រាជធានីភ្នំពេញ ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ចាប់ផ្ដើមបើកដំណើរការរបស់ខ្លួននៅថ្ងៃដំបូង ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះតទៅ គឺទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ដើម្បីឈានទៅដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ប៉ុន្តែទោះជាបែបនេះក្ដី ប្រជាពលរដ្ឋភាគច្រើនបានស្នើសុំថា ចង់ឱ្យអាជ្ញាធរជាតិមួយនេះដាក់ពង្រាយការិយាល័យនៅតាមមូលដ្ឋាន ព្រោះថា នៅជិតប្រជាពលរដ្ឋ មិនចាំបាច់ពួគាត់ធ្វើដំណើរវែងឆ្ងាយមកដល់ទីតាំងធំនៅឯភ្នំពេញ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មិនមែនជាយុទ្ធនាការកាត់ក្ដីជំនួសតុលាការនោះទេ ដោយមានគោលការណ៍នៅក្នុងការដោះស្រាយ គឺការសម្របសម្រួលផ្សះផ្សាវិវាទ, និយាយឲ្យសាមញ្ញ ចំណុះទៅលើការសម្រេចរបស់គូភាគីទាំងអស់។ អាជ្ញាធរជាតិមួយនេះ មិនអាចប្រើប្រាស់ឆន្ទានុសិទ្ធិ សម្រេចថា រឿងរ៉ាវត្រូវដោះស្រាយយ៉ាងដូចម្ដេចនោះទេ គឺត្រូវប្រើប្រាស់នូវសិល្បៈ ដើម្បីសម្រុះសម្រួលឲ្យភាគីទាំងពីរ អាចត្រូវរូវគ្នាឡើងវិញ។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី១រូប មានអនុប្រធាន៤រូប ក្នុងនោះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធានប្រចាំការ។ ចំណែកមន្រ្តី ដែល ត្រូវ អនុវត្តយក រឿងវិវាទមក សម្រុះ សម្រួល ត្រូវ ជ្រើស រើស ចេញ ពី ចំណោម មន្រ្តី រាជការ ក្របខ័ណ្ឌ ឬ ចេញ ពី ចំណោម សារការី មេធាវី និង អ្នក ប្រកប វិជ្ជាជីវៈ ច្បាប់ ផ្សេងៗ ដែល មាន ជំនាញ ច្បាប់ ឬ ជំនាញ ពាក់ព័ន្ធ នឹង ការដោះស្រាយ វិវាទ ។
សូមរំលឹកថា អាជ្ញាធរ ជាតិ ដោះស្រាយ វិវាទ ក្រៅ ប្រព័ន្ធ តុលាការ នេះ ត្រូវ ធ្វើ ឡើង តាម រយៈ វិធី សម្រុះ សម្រួល ផ្សះផ្សា ហើយ មន្រ្តី សម្រុះ សម្រួល ដោះ ស្រាយ វិវាទ ត្រូវ ផ្តល់ ឱ្យ ភាគី វិវាទ នូវ ឱកាស ព្រម ព្រៀង ដោះស្រាយ វិវាទ ដោយ សន្តិវិធី និង ដោយ គ្មាន ការសម្រេច សេចក្តី ដោយ បង្ខំ ណា មួយ ឡើយ ។ គោលដៅ ឬ ទីកន្លែង ដែលក្រុមការងារត្រូវ ចុះ ទៅ ដើម្បី ធ្វើការសម្រុះ សម្រួល វិវាទនោះ គឺ នៅ មូលដ្ឋាន នៅតាម សហគមន៍ ហើយ ក្រុមការងារនឹង ធ្វើ ការពង្រាយ នូវ មន្រ្តី សម្របសម្រួលដោះស្រាយ វិវាទ ក្រៅ ប្រព័ន្ធ តុលាការ នេះ គឺ ចុះ ទៅ តាម មូលដ្ឋាន ចល័ត ដើម្បី ធ្វើ កការដោះស្រាយវិវាទ ដែល មាន ស្រាប់ នៅ មូលដ្ឋាន ហ្នឹង តែ ម្តង ។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ដោះស្រាយវិវាទកាន់តែកៀកប្រជាពលរដ្ឋ និងធានាដល់ភាពសុខដុមរមនា, ប៉ុន្តែទោះជាយ៉ាងណា ប្រជាពលរដ្ឋបានលើកឡើងអំពីការលំបាកផងដែរថា ទាស់តែទីតាំងធំ ដែលយើងហៅថា ជាក្បាលម៉ាស៊ីននោះ មានតែនៅរាជធានីភ្នំពេញមួយគត់ មិនទាន់មានការិយាល័យដាក់ពង្រាយនៅតាមមូលដ្ឋានប្រជាពលរដ្ឋនោះឡើយ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅតាមឃុំ-ស្រុកនៃខេត្តនានា ពេលមានរឿងរ៉ាវត្រូវស្វែងរកយុត្តិធម៌ គឺទាល់តែធ្វើដំណើរមកដាក់ពាក្យបណ្ដឹងនៅទីតាំងធំនៃអាជ្ញាធរនេះក្នុងរាជធានីភ្នំពេញ ទើបអាចមានចំណាត់ការ។
ដូច្នេះ ប្រជាពលរដ្ឋដែលនៅតាមភូមិ-ឃុំនៃខេត្តឆ្ងាយៗ ពិបាកនឹងធ្វើដំណើរឡើងមកភ្នំពេញក្នុងការដាក់ពាក្យបណ្ដឹង ហើយក៏មានពេលខ្លះត្រូវស្នាក់នៅភ្នំពេញមួយយប់ទៀតផង ទើបអាចត្រឡប់ទៅផ្ទះវិញបាន, ត្រង់នេះហើយ ដែលបង្កផលលំបាកដល់ប្រជាពលរដ្ឋផងដែរ ប៉ុន្តែបើអាជ្ញាធរមួយនេះបង្កើតការិយាល័យដាក់ពង្រាយនៅតាមមូលដ្ឋានវិញនោះ គឺជាការល្អប្រសើរ បង្កើតប្រព័ន្ធយុត្តិធម៌កាន់តែកៀកប្រជាពលរដ្ឋ លើកទឹកចិត្តជីវភាពរស់នៅប្រកបដោយសុខដុមរមនាកាន់តែប្រសើរថែមទៀត។
សម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងចង់បានព័ត៌មានបន្ថែមអំពីការដោះស្រាយនេះ អាចទំនាក់ទំនងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមលេខទូរស័ព្ទ : +855 99 456 156 ៕ កុលាបភ្នំពេញ












