រដ្ឋាភិបាលចិន ខឹងសហភាពអឺរ៉ុបដាក់បម្រាមចំពោះអ្នកដំណើរចិន ត្រូវធ្វើតេស្តជាមុនទើបអនុញ្ញាតឲ្យចូលប្រទេស ហើយបដិសេធមិនទទួលជំនួយ
បើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ អ្នកនាំពាក្យរដ្ឋាភិបាលចិន លោកស្រី Mao Ning បាននិយាយថា ការផ្តល់ជូនពីសហភាពអឺរ៉ុប រួមទាំងការបរិច្ចាគថ្នាំវ៉ាក់សាំង ត្រូវបានបដិសេធ ដោយសង្កត់ធ្ងន់ថា ស្ថានភាពកូវីដ-១៩ នៅទីក្រុងប៉េកាំង «ស្ថិតក្រោមការគ្រប់គ្រង» ហើយការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ក៏មិនខ្វះខាតដែរ ដូច្នេះវិបត្តិកូវីដ-១៩ មិនអាចត្រួតត្រាលើរដ្ឋាភិបាលចិនបានឡើយ។
ការបដិសេធទទួលជំនួយពីសហភាពអឺរ៉ុបនេះ គឺផ្ដើមចេញពីរដ្ឋាភិបាលចិនអន់ចិត្តចំពោះសហភាពអឺរ៉ុបដែលប្រកាសថា ត្រូវតែធ្វើតេស្ដលើអ្នកដំណើរចិនដែលចូលក្នុងប្រទេសរបស់ផងខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់សហភាពអឺរ៉ុប បានអះអាងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ខ្លួនបានផ្តល់ជំនួយដល់ប្រទេសចិន ក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ របស់ខ្លួន រួមទាំងការបរិច្ចាគវ៉ាក់សាំង ខណៈដែលប្លុកនេះស្វែងរកការសម្របសម្រួលពីរបៀបដែលអាជ្ញាធរគួរតែធ្វើតេស្តកូវីដ-១៩ លើអ្នកដំណើរដែលចូលមកពីប្រទេសចិន, ប៉ុន្តែគោលនយោបាយធ្វើតេស្ដលើអ្នកដំណើរចិន ត្រូវបានរដ្ឋាភិបាលចិនមានការខឹងសម្បា។
គូសបញ្ជាកើថា ប្រទេសចិន បានចេញមុខរិះគន់ចំពោះ គោលការណ៍តម្រូវធ្វើតេស្តរកជំងឺកូវីដ១៩ ដែលត្រូវបានកំណត់ ដោយប្រទេសមួយចំនួន សម្រាប់អ្នកដំណើរចេញពីទឹកដីរបស់ចិន ឆ្ពោះទៅក្រៅប្រទេស ហើយទន្ទឹមគ្នានេះទីក្រុងប៉េកាំង ក៏បានព្រមានថា ខ្លួនអាចនឹងចាត់វិធានការឆ្លើយតបផងដែរ៕














