យុវជន១១នាក់ត្រូវកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនដោយសារនាំគ្នាបង្ហោះម៉ូតូផ្អើលស្ដុប៦០ម៉ែត្រ…
ភ្នំពេញ ៖ មនុស្សចំនួន១១នាក់ ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ កាលពីវេលាម៉ោង១២អធ្រាត្រ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ នៅចំណុចស្តុប៦០ម៉ែត្រ តាមមហាវិថីផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានយុវជនមួយក្រុមនាំគ្នាបង្ហោះម៉ូតូតាមផ្លូវ ហើយត្រូវកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលកំពុងល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ឃើញក៏ជិះប្រដេញតាមឃាត់បានម៉ូតូចំនួន៥គ្រឿង និងមនុស្សចំនួន១១នាក់ ។
តាមសម្ដីលោកវរសេនីយ៍ត្រី ភក្ដី ម៉ាណេត នាយផ្នែកអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌមានជ័យ បានប្រាប់អោយដឹងថា មុនពេលឃាត់ខ្លួនក្រុមយុវជនបង្ហោះម៉ូតូខាងលើនេះ គឺដោយមានបទបញ្ជារបស់លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានឲ្យកម្លាំងល្បាត ដឹកនាំដោយរូបលោកផ្ទាល់ជានាយផ្នែកអន្តរាគមន៍ និងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំង៧ ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់ខ្លួនផងដែរ។ខណៈពេលកំពុងតែល្បាតតាមដងផ្លូវជាតិលេខ២នោះ ស្រាប់តែទទួលដំណឹងតាមវិទ្យុទាក់ទង (ID) ពីលោកវរសេនីយ៍ត្រី គីវ ភិវឌ្ឍន៍ អធិការរងខណ្ឌមានជ័យ (ទទួលផែនគ្រឿងញៀន)ថា បានប្រទះឃើញយុវជនមួយក្រុមមានគ្នាជាច្រើននាក់នាំគ្នាជិះម៉ូតូឌុបគ្នា និងបង្ហោះកង់មុខតាមដងផ្លូវ៦០ម៉ែត្រពីក្បាលថ្នល់ឆ្ពោះទៅចាក់អង្រែក្រោម។ ទើបកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌមានជ័យ ចេញអន្តរាគម៍ប្រដេញតាមឃាត់បានជាបន្តបន្ទាប់នៅចំណុចខាងលើ ហើយកម្លាំងក៏ ស្ទាក់ឃាត់បានម៉ូតូចំនួន៥គ្រឿង និងមនុស្សចំនួន១១នាក់ រួចធ្វើការត្រួតពិនិត្យឆែកឆេរ តែរកមិនឃើញមានអ្វីពាក់ព័ន្ធបទល្មើសឡើយ ក៏នាំមកកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរតែម្តង។
បច្ចុប្បន្នក្រុមយុវជនខាងលើខ្លះមានអាយុត្រឹមតែ១៣ ឬ១៤ឆ្នាំ និងអាយុ១៧ឆ្នាំតែប៉ុណ្ណោះ ហើយត្រូវបានកម្លាំងអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌមានជ័យ ប្រគល់ឲ្យផ្នែកជំនាញព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំព្រឹកឡើងធ្វើការសាកសួរបន្ត តើមានពាក់ព័ន្ធបទល្មើសអ្វីដែលគួរឲ្យកត់សម្គាល់ ឬក៏មិនពាក់ព័ន្ធដើម្បីសុំគោលការណ៍បន្តនៅព្រឹកស្អែកទៀត។
ប៉ុន្តែបើសិនមិនពាក់ព័ន្ធបទល្មើសអ្វីទេ សមត្ថកិច្ចនឹងអប់រំណែនាំ ព្រមទាំងពិន័យឱ្យដោះកង់មុខរត់ជាច្រើនជុំ ហើយឱ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាយកទៅផ្ទះវិញ ដើម្បីកុំឲ្យចេះតែធ្វើអំពើដែលមិនគប្បីបង្ហោះម៉ូតូតាមដងផ្លូវដូច្នេះបន្តទៅទៀត៕












