ឆេះឃ្លាំងអេតចាយរាលដាលឆេះផ្ទះប្រជាពលរដ្ឋ៨ខ្នងផ្អើលពេញខណ្ឌមានជ័យ…
ភ្នំពេញ-អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន ៨ខ្នងទាំងស្រុង និងបានរាលដាលដល់ឃ្លាំងមួយទៀត រងការខូចខាតអស់ប្រហែល ៣០% បានកើតឡើងនៅវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ ស្ថិតនៅចំណុចផ្លូវលំ ក្រុម៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៤និង៥០នាទីល្ងាច ដោយប្រេីប្រាស់ទឹកអស់ ជាង ១០០ឡាន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ដោយនៅក្នុងរង្វង់ប្រតិបត្តិការខាងលេីនេះ គឺមានលទ្ធលំបាកឲ្យកម្លាំងសមត្ថកិច្ចជំនាញរបស់ធ្វេីការអន្តរាគមន៍ទាន់ពេលវេលា ដោយសារតែទីតាំងខាងលើមិនមានភាពអំណោយផលពិបាកនៅក្នុងការអន្តរាគមន៍ទាន់ពេលវេលា ដែលជាហេតុធ្វេីឲ្យការជួយសង្គ្រោះពិបាក តែទោះបីជាយ៉ាងណា ក៏សមត្ថកិច្ចនៅតែបន្តប្រតិបត្តិការនេះរហូត ទទួលបានជោគជ័យផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្ដទៀតថា ចំពោះករណីអគ្គិភ័យខាងលេីនេះ គឺបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ០៨ខ្នងផ្ទះទាំងស្រុង សង់អំពីផ្ទះថ្មប្រក់ស័ង្ក ព្រមទាំងរាលដាល់ដល់ឃ្លាំងចំនួន០១ ឃ្លាំង ខូចខាតប្រហែល ៣០% រួមទាំងរថយន្តម៉ាក Lexus RX330 ពណ៌ស ចំនួន ០១គ្រឿង ខូចខាតប្រហែល ៥០%។
ដោយឡែក សម្រាប់ប្រតិបត្តិការជួយសង្គ្រោះវិញ ត្រូវបានលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា រថយន្ដការិយាល័យជំនាញ ចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់៨៨ឡាន, រថយន្តក្រសួងមហាផ្ទៃ ចំនួន០១គ្រឿង ប្រើប្រាស់ចំនួន២ឡាន, រថយន្តស្រាបៀរកម្ពុជា ចំនួន០២គ្រឿង ប្រើប្រាស់ចំនួន១ឡាន, រថយន្តផ្សារទំនេីប អូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ចំនួន០៤ឡាន និងរថយន្តក្រុមហ៊ុន កោះនរា ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន, រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ០៦គ្រឿ ង ប្រេីប្រាស់ទឹកចំនួន១២ឡាន, រថយន្តក្រុមហ៊ុន OCIC កោះពេជ្រ ចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកចំនួន ០៦ឡាន , រថយន្តសួនឧស្សហកម្មកាណាឌីយ៉ា ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកចំនួន០២ឡាន និងរថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកចំនួន០២ឡាន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់ថា ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ៕












