ស្ត្រីអ្នកជំងឺដែលកូនស្លាប់ក្នុងផ្ទៃ ហើយត្រូវគ្រូពេទ្យរំលូតយកចេញពីក្នុងផ្ទៃ យកដោយទាំងពោះវៀន កំពុងវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ

ស្ត្រីអ្នកជំងឺដែលកូនស្លាប់ក្នុងផ្ទៃ ហើយត្រូវគ្រូពេទ្យរំលូតយកចេញពីក្នុងផ្ទៃ យកដោយទាំងពោះវៀន កំពុងវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ

ស្ថានភាពរបស់អ្នកជំងឺស្រីម្នាក់ដែលគ្លីនិកពេទ្យឯកជន កាយយកសពទារកចេញពីក្នុងផ្ទៃ យកដោយទាំងពោះវៀននោះ ជាច្រើនខែកន្លងមកនេះ គាត់កំពុងតែវិវត្តន៍ទៅរកស្ថានភាពកាន់តែធ្ងន់ធ្ងរ, បច្ចុប្បន្ន កំពុងតែស្នាក់នៅព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្ដទុកដាក់ ពីក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។

លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ថា ស្ត្រីអ្នកជំងឺរូបនោះ មានការវិវត្តន៍ធ្លាក់ចុះ យើងខំប្រឹងដើម្បីទប់ទល់ហើយ តែគាត់មានកត្ដាប្រឈមជាប់នឹងខ្លួនស្រាប់ ឥលូវកត្ដាប្រឈមទាំងនោះបង្កើតជាផលវិបាកធ្ងន់ធ្ងរ និងបានធ្វើឱ្យស្ថានភាពសុខភាពទូទៅមានការស្រុតចុះ ដែលធ្វើឱ្យអ្នកជំងឺត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ជាលើកទីបី។

តាំងពីអ្នកជំងឺត្រលប់មកពីថៃ បន្ដមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យបានបញ្ជូលឈាម៥ដងហើយជូនដល់គាត់ ដោយសារតែការផលិតគ្រាប់ឈាមរបស់អ្នកជំងឺមិនបានគ្រប់គ្រាន់។ នេះជាផលលំបាក ដោយសារតែអស់ពោះវៀន ថ្លើមខ្សោយ ការរលាកជាប្រចាំ ចឹងការផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងខ្នងក៏មិនបានគ្រប់គ្រាន់ ដែលបណ្ដាលឱ្យស្ថានភាពទូទៅរបស់អ្នកជំងឺខ្សោយចុះជាលំដាប់។

គួររំលឹកថា ថា អ្នកជំងឺស្រីម្នាក់នេះ គឺជាស្ត្រីដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូន អាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ ប៉ុន្តែយកដោយទាំងពោះវៀន និងបន្តសម្រាកនៅគ្លីនិករយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ និងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត, ហើយជាបន្តបន្ទាប់ ស្ថានភាពនៃជំងឺបានវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរបែបនេះ៕

Leave a Reply

Your email address will not be published.