រថយន្ត៣គ្រឿងបុកគ្នា ស្លាប់ជនជាតិចិន ២នាក់និងរងរបួសធ្ងន់និងស្រាល២នាក់នៅផ្លូវជាតិលេខ១…
កណ្តាល ៖ រថយន្តក្រុងដឹកអ្នកដំណើរកម្ពុជាវៀតណាមបុកជាមួយរថយន្តហ្វតខ្ទាតទៅបុករថយន្តហាយឡែនឌ័រមួយគ្រឿងទៀតបណ្តាលឲ្យជនជាតិចិន២នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៨និង០០នាទី ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១. ចន្លោះគីឡូត៍ម៉ែត្រលេខ៤៨. – ៤៩. ភូមិព្រែកថ្មី ឃុំគគីធំ. ស្រុកកៀនស្វាយ ខេត្តកណ្តាល។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រព៍ណក្រហមមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2AS-4195 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវជាតិលេខ១ ពីស្ពានអ្នកលឿងឆ្ពោះមកភ្នំពេញ. ស្របពេលនោះក៏មានរថយន្ត Ford RANGER RAPTOR ព៍ណខ្មៅពាក់ផ្លាកលេខ កម្ពុជា-NQPKARIN បើកបរដោយជនជាតិចិនម្នាក់រួមដំណើរនិងជនជាតិចិន៣នាក់ទៀត. ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច. ក្នុងល្បឿនយ៉ាងលឿន. ហើយបានវ៉ាជែងរថយន្តហាយឡែនឌ័រនៅខាងមុខ. ខណៈពេលនោះក៏មានរថយន្តក្រុងដឹកអ្នកដំណើរដែលមានភ្ញៀវជាជនជាតិវៀតណាមជាច្រើននាក់ដែលធ្វើដំណើរចេញពីភ្នំពេញឆ្ពោះទៅកាន់ប្រទេសវៀតណាម. ដោយអ្នកបើកបរវ៉ាមិនផុត ក៏បានបុកចំរថយន្តក្រុងដែលនៅខាងមុខខ្ទាតទៅបុករថយន្តហាយឡែនឌ័របណ្តាលឲ្យអ្នកបើកបររថយន្តហ្វតនិងអ្នកអង្គុយជាប់គ្នាបានកៀបជាប់ក្នុងរថយន្តស្លាប់ទាំង២នាក់ភ្លាមៗ ចំណែកអ្នករួមដំណើរនៅខាងក្រោយ២នាក់ទៀតរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការសង្រ្គោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ស្រុកកៀនស្វាយនិងកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានចុះមកធ្វើការវាស់វែងនៅទីតាំងកើតហេតុខាងលើនិងស្ទូចយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។
ចំណែកសពជនរងគ្រោះដែលជាជនជាតិចិនខាងលើសមត្ថកិច្ចនគរបាលនាយដ្ឋានអន្តោប្រវេសន្តបានទំនាក់ទំនងទៅកាន់ស្ថានទូតចិនដែលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅតម្កល់ទុកស្រាវជ្រាវស្វែងរកក្រុមគ្រួសារសាច់ញាតិមកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯប្រទេសកំណើត៕





+2











