កូរ៉េ មើលឃើញការវិនិយោគបន្ថែម ជជែកសុំការជួយសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា …
រាជធានីភ្នំពេញ ÷ ក្នុងជំនួបពិភាក្សាអំពីពាណិជ្ជកម្ម-វិនិយោគ រវាង កម្ពុជា-សាធារណរដ្ឋកូរ៉េ ភាគីទាំងពីរបានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុលលើគម្រោងវិនិយោគមួយចំនួនរបស់វិនិយោគិនកូរ៉េ ដែលកំពុងស្នើសុំការសម្របសម្រួលពីរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពិនិត្យ និងផ្ដល់ការណែនាំក្នុងកម្រិតបច្ចេកទេស សំដៅឱ្យគម្រោងវិនិយោគដែលគ្រោងនឹងដាក់ទុនចូលមកកម្ពុជានេះ អាចទទួលបានលទ្ធផលជោគជ័យ។
ការរំលេចចេញពីការបណ្ដាក់ទុនរកស៊ី ឬបោះទុនពាណិជ្ជកម្មនៅកម្ពុជានេះ ធ្វើឡើងក្នុងគ្រាដែលជួបជជែកពិភាក្សាជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅឯក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤។
ឆ្លើយតបនឹងភាគីកូរ៉េខាងត្បូង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ជម្រាបជូនអំពីវឌ្ឍនភាពនៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ននេះមានចំនួន ២៦តំបន់ កំពុងមានសកម្មភាពវិនិយោគ ដោយក្នុងនោះ មានតំបន់សេដ្ឋកិច្ចចំនួន ២០តំបន់ដែលមានសេវាច្រកចេញចូលតែមួយពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អាចសម្របសម្រួលដោះស្រាយបញ្ហានានារបស់វិនិយោគិនដោយផ្ទាល់បានផងដែរ ដើម្បីជាការសម្រួលឱ្យស្ថានភាពការងារ ធ្វើនីតិវិធី ឬក៏ចេញដំណើរបានលឿន៕ កុលាបភ្នំពេញ












