ក្រសួងទេសចរណ៍ ស្នើឱ្យធនាគារវឌ្ឍនៈ ចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈកិច្ចសហការក្នុងភាពជាដៃគូ …

រាជធានីភ្នំពេញ ÷ ក្នុងជំនួបជាមួយ លោក Anthony Chin អគ្គនាយកប្រតិបតិ្ត នៃធនាគារវឌ្ឍនៈ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤ ជជែកពិភាក្សាពីគោលបំណង ពង្រឹងចំណងការងាររវាងវិស័យទេសចរណ៍ និងធនាគារ ជាពិសេសជំរុញដល់ការវិនិយោគក្នុងវិស័យទេសចរណ៍, ឯកឧត្តម សុខ សូកេន  រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តធនាគារវឌ្ឍនៈ ឱ្យចូលរួមបន្តជំរុញវិស័យទេសចរណ៍ តាមរយៈកិច្ចសហការក្នុងភាពជាដៃគូកាន់តែជិតស្និទ្ធរវាងរដ្ឋ និងឯកជន ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត។
ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជូនដៃគូអភិវឌ្ឍន៍ នៃធនាគារវឌ្ឍនៈ នូវអនុក្រឹត្យស្តីពីការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាយន្តការសម្រាប់បង្កើនកិច្ចសហការក្នុងភាពជាដៃគូរកាន់តែជិតស្និទ្ធរវាងរដ្ឋ និងឯកជនក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត ដូច្នេះសូមលើកទឹកចិត្តធនាគារវឌ្ឍនៈចូលរួមបន្តជំរុញវិស័យទេសចរណ៍។
លោក Anthony Chin អគ្គនាយកប្រតិបតិ្ត នៃធនាគារវឌ្ឍនៈ បានថ្លែងថា សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ នាអាណតិ្តទី៧ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈក្នុងរយៈពេល  ៦ខែនេះ ជាពិសេស សូមវាយតម្លៃខ្ពស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ផ្ទាល់ ក្នុងការ ជំរុញ ពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមរយៈក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)។
គួរជ្រាបថា វិយស័យទេសចរណ៍ គឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងចំនោមវិស័យសេដ្ឋកិច្ចទាំង៤ របស់កម្ពុជា, ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងទីក្រុងឆ្នេរ រួមមានខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប បានប្រែក្លាយទៅជាទីក្រុងដ៏អ៊ូអរ អគារច្រូងច្រាងខ្ពស់ស្កឹមស្កៃ ដែលភាគច្រើនត្រូវបានសាងសង់ចាប់តាំងពីឆ្នាំ២០១៦ ជាមួយនឹងការវិនិយោគរបស់ចិន។
ខេត្តសៀមរាប បានកែប្រែសោភ័ណភាព បរិស្ថាន សន្តិសុខសណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ អគារូបនីយកម្ម  ពង្រឹងយន្តការច្បាប់ ពង្រីកវិសាលភាពនៃទេសចរណ៍, រាជធានីភ្នំពេញ ក៏ដូចគ្នា គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម-វិនិយោគទេសចរណ៍ វប្បធម៌ អមដោយទីក្រុងរណបជាច្រើនទិសព័ទ្ធជុំវិញ និងការប្រកួតប្រជែងលើគ្រប់វិស័យ ដែលជាមោទនភាពរបស់ពលរដ្ឋប្រកបដោយក្ថីសង្ឃឹមទៅអនាគត។
ធនាគារអភិវឌ្ឍន៍អាស៊ី ធ្លាប់បានព្យាករណ័ថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥.៥% ក្នុងឆ្នាំ២០២៣ និង ៦% ក្នុងឆ្នាំ២០២៤ ជាមួយនឹងការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.