ក្រសួងការងារ សហការជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយ ស្ដីពី របបសន្តិសុខសង្គម …

 

រាជធានីភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី របបសន្តិសុខសង្គមនៅកម្ពុជា ជូនដល់សមាជិកអ្នកសារព័ត៌មានជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញដោយលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីច្បាប់ និងអត្ថប្រយោជន៍នៃការអនុវត្តរបបសន្តិសុខសង្គម ព្រមទាំងជាមូលដ្ឋានក្នុងការយកទៅផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយ។

ឯកឧត្តមបណ្ឌិត ហេង សូផាត់ណារិទ្ធ បានថ្លែងថា ការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ត្រូវបានលេចជារូបរាងដំបូងនាទសវត្សរ៍ ឆ្នាំ១៩៤០ ក្នុងទម្រង់ជាប្រព័ន្ធតាវកាលិកគ្រួសារ ដែលហៅថា “ហឹបប្រាក់អន្តរវិជ្ជាជីវៈ”។ ប៉ុន្តែគួរឱ្យសោកស្តាយក្នុងអំឡុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត របបសន្តិសុខសង្គមត្រូវបានបំផ្លាញចោលទាំងស្រុង។ 

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធសន្តិសុខសង្គមត្រូវបានស្ដារឡើងវិញជាជំហានៗ ដោយផ្តើមពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនរបស់មន្ត្រីសាធារណៈ និងផ្នែកប្រាក់ប៉ះពាល់សុខភាពកម្មករ-និយោជិតដែលធ្វើការនៅតាមរោងចក្រ សហគ្រាសរដ្ឋ ដែលអនុវត្តដោយនាយកដ្ឋានបៀវត្សពលកម្មនៃក្រសួងផែនការ។ 

ឆ្នាំ២០០២ ច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារត្រូវបានដាក់ឱ្យអនុវត្ត ហើយបេឡាជាតិសន្តិសុខសង្គម ត្រូវបានបង្កើតនៅឆ្នាំ២០០៧។ មកដល់ឆ្នាំ២០១៩ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីត្រូវបានរៀបចំ ដើម្បីឆ្លើយតបទៅនឹងការវិវត្តសេដ្ឋកិច្ច និងសង្គម ដែលផ្តល់អាណត្តិឱ្យបេឡាជាតិសន្តិសុខសង្គមក្នុងការអភិវឌ្ឍ និងអនុវត្តរបបសន្តិសុខសង្គមពេញលេញនៅកម្ពុជា រួមមាន ÷ ១-ផ្នែកហានិភ័យការងារ, ២- ផ្នែកថែទាំសុខភាព, ៣- ផ្នែកប្រាក់សោធន និង ៤- ផ្នែកនិកម្មភាព។

ឯកឧត្តមបណ្ឌិត បានលើកឡើងបន្តថា ផ្នែកហានិភ័យការងារ ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់វិស័យឯកជននៅក្នុងឆ្នាំ២០០៨ ដោយនិយោជក ជាអ្នកទទួលរ៉ាប់រងបន្ទុក១០០% គឺត្រូវបង់ចំនួន ០,៨% នៃប្រាក់បៀវត្សដែលជាប់កាតព្វកិច្ច និងបានពង្រីកដល់វិស័យសាធារណៈនៅក្នុងឆ្នាំ២០២១៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.